Tuesday, February 14, 2017

ក្រសួង​ការបរទេស និង​ឧត្តមស្នង​ការសិទ្ធិ​មនុស្សនៃ​អង្គការ​សហ​ប្រ​ជា​ជាតិ បានព្រម​​ព្រៀង​ ជួប​ប្រជុំពិ​គ្រោះ​យោបល់​រៀង​រាល់បីខែ​ម្តង

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានព្រមព្រៀងគ្នាថា នឹងជួបប្រជុំពិគ្រោះយោបល់ជាមួយគ្នា ជារៀងរាល់បីខែម្តង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ការសន្យាបែបនេះក្នុងពេលដែលលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកស្រី Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាបានជួបពិភាក្សាការងារជាមួយគ្នា នាទីស្តីក្រសួង រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការ បានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រី Wan Hea-Lee បានសំណូមពរសុំជួបប្រជុំពិភាក្សាការងារជារៀងរាល់បីខែម្តង ដើម្បីពង្រឹងទំនាក់ទំនងការងារជាមួយនឹងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗរបស់កម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសកម្ពុជា។
លោកស្រី Wan Hea-Lee បានមានប្រសាសន៍ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃការចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ រវាងការិយាល័យ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកសាងជំនឿទុកចិត្តជាមួយគ្នា។
ជាការឆ្លើយតប លោក ប្រាក់ សុខុន បានឯកភាពចំពោះសំណើជួបគ្នាជាទៀងទាត់រៀងរាល់បីខែម្តងនេះ ដោយលោកបានបញ្ជាក់ថា គោលជំហររបស់ក្រសួងការបរទេស ចង់ពង្រឹងកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ និងការកសាងនូវជំនឿទុកចិត្តគ្នាទៅវិញទៅមក។ លោក ប្រាក់ សុខុនបានបញ្ជាក់ផងដែរថា នៅប៉ុន្មានខែខាងមុខនេះ រាជរដ្ឋាភិបាល និងរៀបចំកិច្ចប្រជុំមួយជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីទទួលជ្រាបអំពីផែនការសកម្មភាពបន្តទៀត របស់ស្ថាប័នមួយនេះដែលមានគោលដៅលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។
លោក ជុំ សុន្ទរី បានបន្តថា ប្រមុខកាទូតកម្ពុជា ក៏បានសំណូមពរសុំឱ្យការិយាល័យនេះយកចិត្តទុកដាក់ខ្ពស់ចំពោះការគោរពឱ្យបានត្រឹមត្រូវនូវអធិបតេយ្យភាពរបស់កម្ពុជា និងជៀសវាងការជ្រែតជ្រែតចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលស្របតាមការកំណត់នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងក្រមប្រតិបត្តិនានាសម្រាប់មន្ត្រីរដ្ឋបាលអន្តរជាតិ។
សូមជម្រាបផងដែរថា ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានសន្យាថា នឹងខិតខំអនុវត្តតាមការចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស រវាងរាជរដ្ឋាភិបាលកម្ពុជានិងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលទើបតែត្រូវបានចុះហត្ថលេខាថ្មីៗនេះ មានរយៈពេល២ឆ្នាំ ៕


No comments:

Post a Comment