Tuesday, February 14, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជួបលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ឋរុស្ស៊ី

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយ លោក Nikolai Platonovich Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ឋរុស្ស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក Nikolai ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក នាយករដ្ឋមន្រ្តី និង លោកប្រធានាធិបតីរុស្សី ជូន លោកនាយករដ្ឋមន្រ្តី ផងដែរ។
លោក Nikolai Platonovich Patrushev បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី អំពីដំណើរទស្សនៈកិច្ចពេលនេះដើម្បីពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជារុស្សី។ កិច្ចប្រជុំព្រឹកមិញនេះ គឺមានការពិភាក្សាផ្លាស់ប្តូរយោបល់មួយចំនួនផងដែរអំពីបញ្ហាក្នុងតំបន់ និងបញ្ហាអន្តរជាតិ ដូចជាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេសផ្តោតលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ លោកនាយករដ្ឋមន្រ្ដី បានស្នើសុំអោយតំណាងភាគីកម្ពុជា និងរុស្ស៊ីបន្តជួបពិភាក្សាគ្នាអោយបាន ញឹកញាប់ដើម្បីរកវិធីផ្សេងៗជម្រុញការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មឱ្យកាន់តែមានប្រសិទ្ធិភាព។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រក្នុងការប្រយុទ្ឋប្រឆាំងភេវរកម្ម ហើយលោក បានស្នើសុំឱ្យភាគីរុស្សីរៀបចំជាផ្លូវការនូវ ”សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម” ដើម្បីប្រទេសនានា និងសហគមអន្តរជាតិអាចចូលរួមបាន។ លោក Nikolai នឹងនាំសេចក្តីស្នើសុំនេះទៅកាន់ប្រធានាធិបតីរុស្ស៊ីដើម្បីសម្រេច។
កិច្ចប្រជុំព្រឹកមិញនេះគឺបានរឹតបន្តឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និង រុស្សីក្នុង បរិយាកាសស្និទស្នាលបំផុត។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកនាយករដ្ឋមន្រ្តី និង លោកប្រធានាធិបតីរុស្សីផងដែរ៕




No comments:

Post a Comment