Tuesday, February 14, 2017

តុលាការកំពូលនឹងជម្រះបណ្ដឹងសុំនៅក្រៅឃុំ របស់មន្ត្រីអាដហុក និងគជប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ។ នេះបើតាមការអះអាងរបស់មន្រ្តីតុលាការ។
សវនាការនេះនឹងដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ ។
គួររំលឹកថា ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
លោក នី សុខា  ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យទាំងនេះ ត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឱ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕



No comments:

Post a Comment