Tuesday, February 14, 2017

រឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ នឹងមានបញ្ចាំងក្នុងពេលឆាប់ៗនេះ (មានវីដេអូ)

«មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» គឺជាការចងចាំដ៏ឈឺចាប់របស់អ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធិមនុស្សអ្នកស្រី លឿង អ៊ឹង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវយ៉ងឃ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើង ពេលខ្មែរក្រហមបានឡើងកាន់អំណាច កាលពីអ្នកស្រីនៅអាយុ ៥ ឆ្នាំ ដល់ ៩ ឆ្នាំ។
ខ្សែភាពយន្តនេះ បានឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និងការតស៊ូយ៉ាងប្ដូរផ្តាច់របស់គ្រួសារអ្នកស្រី លឿង អ៊ឹង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនា អំឡុងសម័យខ្មែរក្រហម។ ឈុតឆាកខ្លីៗនៅក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ត្រូវបានបង្ហោះផ្សាយនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមនានា។ ខ្សែភាពយន្តនេះ រួមមានលោកស្រី Angelina Jolie គឺជាចាងហ្វាងខ្សែភាពយន្តលោក ប៉ាញ់ ឬទ្ធី ផលិតករ និងនិពន្ធដោយលោកស្រី លឿង អ៊ឹង។
ផលិតករខ្សែភាពយន្ត លោក ប៉ាញ់ ឬទ្ធី បានបញ្ជាក់ថា ការផលិតរឿងនេះ អាចឱ្យយើងកសាងខ្លួនជាថ្មី ការលើករឿង យកមកនិយាយមិនត្រឹមតែជាការកាន់ទុក្ខ វាក៏ជាការបន្តដំណើរទៅមុខ។ លោកក៏បានបញ្ជាក់ថា នៅឆ្នាំ២០១៥ អ្នករួចជីវិតពីរបបប្រល័យពូជសាសន៍នេះរាប់រយនាក់ និងកូនចៅរបស់គេ បានសហការគ្នាបង្កើតឡើងប្រវត្តិសាស្រ្តសារជាថ្មីតាមរយៈរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»។
ចាងហ្វាងផលិតខ្សែភាពយន្ត លោកស្រី Angelina Jolie បានលើកឡើងថា ខ្សែភាពយន្តនេះ ឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកស្រី លឿង អ៊ឹង។ វាមិនត្រឹមតែបង្ហាញពីការឆ្លងកាត់សង្រ្គាមផ្ទាល់របស់ក្មេងស្រីម្នាក់ទេ ប៉ុន្តែវាក៏ជារឿងរ៉ាវរបស់ប្រទេសជាតិទាំងមូលផងដែរ។ អ្នកនិពន្ធខ្សែរភាពយន្តលោកស្រី លឿង អ៊ឹង បានថ្លែងថា អ្នកសម្តែង និងសាច់រឿងទាំងមូលនឹងនិយាយជាភាសាខ្មែរ ហើយអ្វីដែល Angelina Jolie កំពុងធ្វើគឺជាអំពើដ៏ល្អប្រសើរមួយសម្រាប់ប្រទេសកម្ពុជា។
លោកស្រី Angelina Jolie ក៏បានបញ្ជាក់ថា៖ «នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជា បានទទួលរងនូវសង្រ្គាមដ៏ធំបែបនេះ។ ខ្ញុំគិតថា អ្នកដែលមកធ្វើការទីនេះគ្រប់ផ្នែកទាំងអស់ គឺមិនមែនមកដើម្បីខ្លួនឯងទេ គឺសុទ្ធតែមានគោលបំណងជួយឱ្យរឿងរ៉ាវប្រទេសពួកគេ បានដឹងឮដល់ពិភពលោក។ ពួកយើងបានបង្កើតឆាក ហើយពន្យល់ពីឈុតឆាកដែលលំបាកដូចជា យើងត្រូវថតការវាយតប់របស់ខ្មែរក្រហមជាដើម។ ពួកយើងក៏បានស្វែងរកឃើញមនុស្សមួយចំនួន ដែលគាត់បានជួបរឿងរ៉ាវឈឺចាប់ខ្លួនឯងផ្ទាល់ផង និងដឹងពីរឿងរ៉ាវឈឺចាប់របស់អ្នកដទៃផង។ ពួកគាត់ បានប្រាប់យើងពីរឿងរ៉ាវ និងអារម្មណ៍ជាក់ស្តែងដែលគាត់បានជួបផ្ទាល់។ ជាការពិតណាស់ វាមិនត្រឹមតែជារឿងកុនប៉ុណ្ណោះទេ វាគឺជាស្ពានរវាងអតីតកាលរបស់យើង និងអ្នកជំនាន់ក្រោយ៕

No comments:

Post a Comment