Tuesday, February 14, 2017

ព្រឹកនេះលោក សម រង្ស៊ី ត្រូវចូលបំភ្លឺនៅតុលាការ ករណីចោទ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់លុយ១លានដុល្លារឱ្យ ធី សុវណ្ណថា

ភ្នំពេញ៖ តាមការគ្រោងទុក នៅវេលាម៉ោង៩៖០០ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី ដែលទើបនិងលាលែងពីតំណែង ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវចូលបំភ្លឺនៅតំណាង អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ករណីចោទលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថាបានផ្តល់លុយ១លានដុល្លារទៅឱ្យ កញ្ញា ធី សុវណ្ណថា ដើម្បីប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។
បណ្តឹងនេះត្រូវបានប្តឹងដោយ មេធាវីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺលោក គី តិច ដោយទាមទារសំណងជំងឺចិត្តជូន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ១លានដុល្លារ ក្រោមការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយចោទប្រកាន់លោកនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាង ដូច្នេះថា «ចុះ…ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?…មួយលានដុល្លារ… និយាយ…លុយនោះលុយពុករលួយ ទៅសូកឱ្យមនុស្សធ្វើអាក្រក់ ថាឱ្យវាយប្រហារ…ឱ្យរករឿងគណបក្សសង្រ្គោះជាតិឱ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ…ប្រើមួយលានដុល្លារ…»។
ចំពោះករណីនេះ កញ្ញា ធី សុវណ្ណថា ក៏បានដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៊ី ដោយទាមទារសំណងជំងឺចិត្ត ៥សែនដុល្លារផងដែរ៕

No comments:

Post a Comment