Wednesday, December 07, 2016

លោក នេត សាវឿន បានអនុញ្ញាតឱ្យ លោក Ung Gil Choi នាយកវិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

កាលពីថ្ងៃម្សិលមិញនេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា  បានអនុញ្ញាតឱ្យ លោក Ung Gil Choi នាយកវិទ្យាស្ថានបង្ការពន្លត់អគ្គីភ័យកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារបង្ការ និងពន្លត់អគ្គីភ័យឱ្យកាន់តែមានប្រសិទ្ធភាព។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យ គឺធ្វើឱ្យមន្រ្តីនគរបាលអគ្គីភ័យកម្ពុជា អាចទទួលបាននូវការបណ្តុះបណ្តាលជំនាញបង្ការ និងពន្លត់អគ្គិភ័យនៅសាធារណរដ្ឋកូរ៉េ ដែលភាគីកូរ៉េជាអ្នកទទួលរ៉ាប់រង។
លោក បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយដល់នគរបាលជាតិកម្ពុជាលើការងារបង្ការ និងពន្លត់អគ្គិភ័យឱ្យមានសមត្ថភាពខ្ពស់ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ក៏ដូចជាការសង្រ្គោះផងដែរ។
លោក បន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ និងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យកូរ៉េ នឹងទទួលបាននូវផ្លៃផ្កាទៅវិញទៅមក ហើយសង្ឃឹមថា កូរ៉េ នឹងបន្តជួយកម្ពុជាលើការបង្ការ និងពន្លត់អគ្គីភ័យនេះបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តាលជំនាញ។
លោក Ung Gil Choi នាយកវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យកូរ៉េ បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយអគ្គស្នង ការដ្ឋាននគរបាលជាតិ និងវិទ្យាស្ថានបង្ការពន្លត់អគ្គិភ័យកូរ៉េ បានឆ្លុះបញ្ចាំងឱ្យឃើញនូវសាមគ្គីភាព ការអភិវឌ្ឍ ជាពិសេសបានដកពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក។
លោកបានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការមួយនេះ ភាគីកូរ៉េនឹងជួយបណ្តុះបណ្តាលដល់មន្រ្តីនគរបាលកម្ពុជា លើការងារបច្ចេកទេសបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះឱ្យមានសមត្ថភាពកាន់តែខ្ពស់ និងមានប្រសិទ្ធភាព៕


No comments:

Post a Comment