Wednesday, December 07, 2016

រដ្ឋមន្រ្តី​ក្រសួងពាណិ​ជ្ជកម្ម ចុះ​ពិនិត្យមុខ​ទំនិញដោយ​ផ្ទាល់ នៅផ្សារ​ធំថ្មី​

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និងក្រុមការងារជាច្រើននាក់ទៀត បានចុះពិនិត្យលើមុខទំនិញដាក់លក់ នៅផ្សារធំថ្មី ព្រមទាំងបានយកម៉ាស៊ីនចល័ត ពិសោធន៍ទំនិញទៅដាក់នៅទីនោះផងដែរ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ឲ្យថា ក្រោយចុះត្រួតពិនិត្យមុខទំនិញគំរូ៧៥មុខ ដោយម៉ាស៊ីនពិសោធន៍ចល័ត ជាលទ្ធផលឃើញថា ទំនិញទាំងនោះ មិនមែនផ្ទុកសារធាតុគីមី ខូចគុណភាព និងគ្មានទំនិញហួសសុពលភាពនោះទេ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ឱ្យដឹងថា នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន របស់កាំកុងត្រូលការពារអ្នកប្រើប្រាស់សុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយបានជាយើងជានិច្ចជាកាលចុះមកត្រួតពិនិត្យ នៅទីផ្សារ មើលពីម្ហូបអាហារ ផ្តល់ទៅដល់ប្រជាពលរដ្ឋ មានសុវត្ថិភាព ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា សកម្មភាពចុះត្រួតពិនិត្យនេះ នឹងធ្វើឡើងនៅគ្រប់ផ្សារក្នុងរាជធានីភ្នំពេញទៀត ដើម្បីស្វែងរកទំនិញ ដែលមានគុណភាព ឬមានសារធាតុគីមី លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។
លោក ម៉ក ពេជ្ររិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលអគ្គនាយកដ្ឋានកាំកុង ត្រូល បានយករថយន្តពិសោធន៍ចល័ត ដែលទើបសម្ពោធថ្មីៗ យកមកពិនិត្យ និងពិសោធន៍ទំនិញចំនួន ៧៥មុខ នៅក្នុងផ្សារធំថ្មីនេះ៕

No comments:

Post a Comment