Wednesday, December 07, 2016

លេខាធិការដ្ឋាន គជអប បើកសិក្ខាសាលាផ្សព្វផ្សាយឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង-ស្រុក

(បាត់ដំបង)៖ ដើម្បីជួយដល់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្នុងការសម្របសម្រួល និងគាំទ្រដល់អ្នកពាក់ព័ន្ធនានាមកពីវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ក្នុងការបង្កបរិយាកាសឱ្យកាន់តែប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបង្កើតការងារមូលដ្ឋាន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ អង្គភាពវិភាគនិងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាននិងកំពុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឯកសារបច្ចេកទេស ស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក នាថ្ងៃទី ០៦-០៧ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគាររស្មីបាត់ដំបង ខេត្តបាត់ដំបង ដែលមានសិក្ខាកាមចូលរួមប្រមាណជា ៥០រូប ដែលមកពី ២៥រាជធានី ខេត្ត។

ឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវបានចងក្រងឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចតំបន់របស់ GIZ និងកម្មវិធី EU-SPACE/GIZ សម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កញ្ញា ជួន សុម៉ាលី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងបើកសិក្ខាសាលានេះថា៖ «ឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ពុំមែនជាក្រមខ័ណ្ឌគតិយុត្តដែលតម្រូវឱ្យក្រុមប្រឹក្សាក្រុង ស្រុក ត្រូវអនុវត្តតាមទាំងស្រុងនោះទេ។ ក្នុងន័យនេះ នៅពេលអនុវត្តជាក់ស្តែង ក្រុមប្រឹក្សាក្រុង ស្រុកអាចធ្វើការបត់បែនតាមស្ថានភាព និងតម្រូវការជាក់ស្តែងនៃ រដ្ឋបាលនីមួយៗ»

ឯកសារបច្ចេកទេសនេះ មានគោលបំណងផ្តល់ជូនក្រុមប្រឹក្សាអំពី៖ (១) ទស្សនៈជាមូលដ្ឋាននៃការផ្តួចផ្តើមគំនិតសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (២) ការពង្រឹង និងពង្រីកការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងតួអង្គទាំងបី ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង(៣) វិធីសាស្រ្តនានា ដែលអាចជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច៕







No comments:

Post a Comment