Wednesday, December 07, 2016

លោក កឹម សុខា បង្ហាញវត្តមានជាថ្មីក្នុងរដ្ឋសភាក្នុងទឹកមុខរីករាយ បន្ទាប់ពីបានធ្វើពហិកា និងឃុំខ្លួនក្នុងស្នាក់ការអស់ជាច្រើនខែ

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបាន និងកំពុងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដើម្បី ធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ គេបានឃើញវត្តមានលោក កឹម សុខា គឺបន្ទាប់ពីរូបលោកធ្វើពហិកា និងឃុំខ្លួនក្នុងស្នាក់ការអស់ជាច្រើនខែ។ ទោះបីជាលោក កឹម សុខា ក្រោយពីបាត់មុខមួយរយៈពីវិមានរដ្ឋសភា នៅពេលនេះលោកមានសភាពស្គមស្គាំង ប៉ុន្តែមានទឹកមុខស្រស់ថ្លាហាក់សប្បាយចិត្ត ចំពោះតំណែងថ្មី៎ ជំនួសមេបក្សរបស់ខ្លួន ទណ្ឌិត សម រង្ស៊ី។
ថ្មីៗនេះ រដ្ឋសភាបានចេញសេចក្តីប្រកាសផ្លាស់ប្តូរ សមាសភាពថ្មីរបស់ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិនៅក្នុងរដ្ឋសភា ដោយទទួលស្គាល់ លោក កឹម សុខា ជាប្រធាន, លោក យឹម សុវណ្ណ ជាអនុប្រធាន និង លោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបញ្ជាក់ដែរថា លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង គឺជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
គួររំលឹកផងដែរថាលោក កឹម សុខា ទើបតែត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស តាមការស្នើសុំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»។
គេបានដឹងថា ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រភ្លាមនោះ លោក កឹម សុខា ប្រញ៉ាប់ប្រញាល់ដាក់សំណើរចង់បានតួនាទីជាប្រធានប្រធានក្រុមមតិភាគតិច ហើយបំណងនេះក៏បានសម្រេច និងថែមទាំងបានចូលប្រជុំសភា ស្មើមុខស្មើមាត់ជាអ្នកតំណាងរាស្ត្រពេញសិទ្ធិ ខុសពី សម រង្ស៊ី ដែលជាទណ្ឌិត បាត់បង់អស់ទាំងតួនាទីជាប្រធានសភាសំឡេងភាគតិច រូបទាំងបាត់បង់ទាំងស្រុងនូវសិទ្ធ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥ នេះបើយោងតាមសេចក្តីប្រកាសរដ្ឋសភាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥៕


No comments:

Post a Comment