Wednesday, December 07, 2016

គណបក្សសង្គ្រោះជាតិថ្កោសទោសអ្នកលាបពណ៌ និងប្រមាថលើគ្រួសារលោក ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ (CNRP) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើជនទាំងឡាយណា ដែលប្រឌិតព័ត៌មានលាបពណ៌ ប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទថា ភរិយា និងកូនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាភរិយា និងកូនរបស់មេដឹកនាំវៀតណាម។
នៅក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា គណបក្សសង្រ្គោះជាតិ ប្រកាន់ខ្ជាប់នូវសីលធម៌ ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្សគ្រប់រូប។ គណបក្សប្រកាន់យកគោលការណ៍ខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ ជាពិសេសគណបក្សសង្រ្គោះជាតិ មិនយកបញ្ហាបុគ្គលជាបញ្ហានយោបាយ។
គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ខ្មែរគ្រប់រូប សូមបញ្ឈប់នូវការប្រឌិតព័ត៌មានមិនពិត ការលាបពណ៌ដែលធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ និងនាំឲ្យខ្មែរបែកបាក់។ ការថ្លែងការណ៍របស់បក្សសង្គ្រោះជាតិថ្កោលទោសជនលាបពណ៌អសីលធម៌ដូចនេះគឺជាការល្អហើយ ព្រោះជាការបង្ហាញជំហរត្រឹមត្រូវក្នុងនាមជាគណបក្សនយោបាយមួយ ប៉ុន្តែអ្នកវិភាគយល់ឃើញថា ថ្នាក់ដឹកគណបក្សសង្គ្រោះជាតិ ត្រូវតែទទួលខុសត្រូវបើអ្នកដែលនិយាយលាបពណ៌គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ពាក់ព័ន្ធនិងគណបក្សរបស់ខ្លួន។
គួររំលឹកថា គេនៅចាំបានថាកាលពីពេលកន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មនូវការលើកឡើង ដោយចោទប្រកាន់ភរិយា និងកូនប្រុសរបស់លោក ថាជា កូនរបស់មេដឹកនាំវៀតណាម ដែលគេដឹងថាភាសានេះចេញពីមាត់មេដឹកនាំគណបក្សប្រឆាំង ដោយប្រើសកម្មជនរបស់ខ្លួននៅសហរដ្ឋអាមេរិក ឈ្មោះ យ៉ង់ ណុយ ហៅ Brady Young ឱ្យបង្ហោះផ្សាយព័ត៌មានសំអុយបំភ្លើសនេះ។
កាលពី ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ លោក ហ៊ុន សែន បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងទៅលើអ្នកដែល បានប្រឌិតព័ត៌មានថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មេដឹកនាំវៀតណាម។ លោកបានចាត់ទុកការប្រឌិតរឿងនេះរៀបចំ ឡើងដោយបក្សប្រឆាំង និងជាការប្រមាថធ្ងន់ធ្ងរបំផុតលើកូនប្រុស និងភរិយារបស់លោកដែល ទាមទារឲ្យបក្សប្រឆាំងបកស្រាយឲ្យបានច្បាស់លើរឿងនេះ៕

No comments:

Post a Comment