Wednesday, December 07, 2016

លោក ​កឹម សុខា ​បាន​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មុនពេល​​វិល​មក​ចូលរួម​ប្រជុំសភាសារ​ជាថ្មី​ម្តង​ទៀត​​នេះ

ក្នុងកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មុននេះបន្តិច លោក កឹម សុខា បាននិយាយថា ការដែលវិលមកចូលរួមប្រជុំសភាសារជាថ្មីម្តងទៀតនេះ គឺបន្ទាប់ពីរូបលោកផ្ទាល់បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីជាមុនរួចទៅហើយអំពីបញ្ហាមួយចំនួន។
លោក កឹម សុខា ដែលទើបតែចូលមកជំនួសតំណែងប្រធានក្រុមមតិភាគតិចរបស់ទណ្ឌិត សម រង្ស៊ី ដែលកាលនៅកាន់តំណែងតែងតែធ្វើការជេប្រមាថ ចោទប្រកាន់ លាបពណ៌ និងបំផ្លាញឯកភាពជាតិនោះបាននិយាយដោយចំហនៅក្នុងរដ្ឋសភាថា «យើងត្រូវចៀសវាងនូវការជេរប្រមាថ លាបពណ៌ នាំឱ្យមានការឈឺចាប់ នាំឱ្យមានការបែកបាក់សង្គម នេះគឺជាអ្វីដែលខ្ញុំ បានជជែកជាមួយសម្តេចនាយករដ្ឋមន្រ្តី ហើយយើងព្យាយាមធ្វើកិច្ចការនេះឱ្យសម្រេចដល់គោលដៅ ដែលយើងចង់បានទាំងអស់គ្នា»
លោក កឹម សុខា ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងដែលរដ្ឋសភា ដែលបានសម្រេចចិត្តទទួលស្គាល់លោកជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា ជំនួសតំណែងទណ្ឌិត សម រង្ស៊ី។
ជាចុងបញ្ចប់លោក កឹម សុខា បាននិយាយទៅកាន់អង្គប្រជុំរដ្ឋសភា ដែលចូលរួមដោយតំណាងរាស្ត្រមកពីបក្សកាន់អំណាច និងបក្សប្រឆាំងថា «យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើយ៉ាងម៉េចកុំឱ្យមានការរំខានណាមួយដែលធ្វើឱ្យដំណើការរបស់យើង មិនទៅដល់គោលដៅរបស់យើង»
បើទោះជាលោក កឹម សុខា បានបង្ហើបថាគោលដៅរបស់លោកសំដៅលើ ឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍ យ៉ាងណាក្តី ប៉ុន្តែគេនៅមិនទាន់ដឹងថា ដំណាក់កាលពីពេលនេះទៅថ្ងៃអនាគត តើមានអ្វីជាអាថកំបាំងនៅពីកខ្នងនោះឡើយ បន្ទាប់ពីរយៈពេលចុងក្រោយនេះទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រិ ហ៊ុន សែន ហាក់មានភាពស្អិតរមួតយ៉ាងខ្លាំង៕

No comments:

Post a Comment