Friday, June 29, 2018

ប្រធានកិត្តិយស​​សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ប្រកាសបង្កើតអនុសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពនៅក្នុងស្រុក៤

កំពង់ឆ្នាំង៖ លោក កុយ សុវណ្ណ ប្រធានកិត្តិយស​​សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង បានថ្លែងថា សមាជិកសម្ព័ន្ធយុវជនទាំងអស់គឺជាកម្លាំងស្នូលដ៏ក្លា​ហានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាងទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីបក្សការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពអោយបានគង់វង្ស។ លោកបានថ្លែងបែបនេះ ទៅកាន់សម័្ពន្ធយុវជនទាំងអស់នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសបង្កើតអនុសាខាសម័្ពន្ធយុវជនស្រឡាញ់សន្តិភាព ចំនួន៤ស្រុកនៅក្នុងមន្ទីរនយោបាយខេត្ត។
លោកបានបន្តថា សន្តិភាពដែលបានមកសព្វថ្ងៃនេះមិនមែនបានមកដោយងាយស្រួលនោះទេ គឺមាន​អ្នក ស្នេហាជាតិ យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋបានលះបង់អាយុជីវិតច្រើនណាស់ ទើបទាមទារយកបានសន្តិភាពដូចសព្វថ្ងៃនេះ ដូច្នេះការការពារសន្តិភាពគឺភារកិច្ចចម្បងរបស់យើងទាំងអស់គ្នា។ ហេតុនេះសមាជិកគ្រប់រូបត្រូវតែគោរពបទបញ្ជាផ្ទៃក្នុង របស់សម័្ពន្ធយុវជនស្រឡាញ់សន្តិភាពឱ្យបានម៉ឺងម៉ាត់ដាច់ខាត ដើម្បីសម្រេចបាននូវភារកិច្ចដ៏សំខាន់របស់ខ្លួន សមាជិកទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ រួមគ្នាធ្វើការងារមនុស្សធម៌ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សហការគ្នាវាយបកទាន់ពេលវេលាដោយមានប្រសិទ្ធភាព គ្រប់ឧបាយកលពិសពុលរបស់គណបក្សប្រឆាំង និងហ៊ានចេញមុខទប់ទល់ប្រឆាំងគ្រប់កាលៈទេសៈ ជាមួយបាតុកម្មខុសច្បាប់ដើម្បីការពារប្រមុខរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ។
លោក ម៉ាត់ ម៉ូត អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងថា សម័្ពន្ធយុវជនស្រឡាញ់សន្តិភាព គឺជាកូនពៅរបស់គណបក្ស ដូច្នេះកូនពៅត្រូវមានគោលជំហរម៉ឺងម៉ាត់ដាច់ខាតការពារឪពុកម្តាយបងប្អូន គឺការពារគណបក្ស ការពាររាជរដ្ឋាភិបាលដែលបានកើតឡើងអំពីការ​បោះ​ឆ្នោតស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ។
លោកបានបន្តថា អង្គការសម្ព័ន្ធយុវជនត្រូវបានកើត ឡើងនៅគ្រប់ជំនាន់ គឺជាកម្លាំងស្រួចការពារទឹកដីការពារជាតិ តែយុវជនសម័យមុនៗ បានចាស់អស់ទៅហើយហើយគឺជាអ្នកតស៊ូយ៉ាងលំបាកវេទនាដៃម្ខាងវាយខ្មាំង ដៃម្ខាងកសាងជាតិ ជាក់ស្តែងគឺលោក ហ៊ុន សែន ដែលជាវីរៈជនស្នេហាជាតិដែលយើងត្រូវតែរៀនសូត្រតាម។
លោកស្រី តុង ណារី ប្រធាន ប្រតិបត្តិសម្ព័ន្ធយុវជនស្រ ឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង បានប្រកាសសេចក្តីសម្រេចបង្កើតអនុសាខាសម្ពន្ធយុវជនស្រញ់សន្តិភាពចំនួន៤ស្រុក គឺស្រុករលាប្អៀរ ស្រុកទឹកផុស ស្រុកកំពង់លែង និងស្រុកជលគីរី ដែលមានសមាសភាព ប្រធានកិត្តិយស អនុប្រធានកិត្តិយស ប្រធានប្រតិបត្តិ អនុប្រធានប្រតិបត្តិ និង សមាជិកដែលមានចំនួនសរុបជាង២០០នាក់ ។
លោកស្រី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អនុសាខាស្រុក និងសមាជិកទាំងអស់ ត្រូវមានសកម្មភាពឱ្យបានខ្លាំងក្លាតាមទិសដៅរបស់ថ្នាក់កណ្តាល នៅក្នុងពេលឃោសនាបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្នុងពេលរាប់សន្លឹក​ឆ្នោត ដោយត្រូវទប់ស្កាត់ឱ្យបានក្រុមបាតុកម្មរបស់បក្សប្រឆាំងដែលមានបំណងបំផ្លាញការបោះឆ្នោត គឺត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ដើម្បីការពាររាជរដ្ឋាភិបាល ការពារសន្តិភាពជូនជាតិ និងជូនប្រជាជនឱ្យខានតែបាន។

នៅក្នុងពិធីនេះដែរលោក កុយ សុវណ្ណ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនអនុសាខាទាំង៤ស្រុក ក្នុង១​ស្រុកៗ១លារៀល ហើយក្នុងពេលខាងមុខនេះ លោក នឹងផ្តល់ជូនអាវសម្ព័ន្ធយុវជនចំនួន៥០ និងស៊ីញ៥០ ក្នុង១ស្រុកៗថែមទៀត៕





No comments:

Post a Comment