Friday, June 29, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ

នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននឹងកំពុងអញ្ជើញជា​អធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ក្បែរព្រលានយន្ត​ហោះ​អន្តរជាតិភ្នំពេញ ដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។
ស្ពានអាកាស និងផ្លូវក្រោមដីនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ។ ការសាងសង់ស្ពានអាកាស ត្រង់ចំណុចរង្វង់មូលចោមចៅនេះ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការដោះ​ស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលតែងកើតមានឡើងនាពេលកន្លងមក ជាពិសេសនៅចំណុច​រង្វង់​មូល​ចោមចៅនេះតែម្តង ម៉្យាងវិញទៀត ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូន ឆ្ពោះទៅផ្លូវជាតិ​លេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរ​ទំនិញ​ចេញ​ចូលក្នុង និងក្រៅប្រទេសផងដែរ។
ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គឺជាការយកចិត្តទុក​ដាក់មួយ​របស់រាជរដ្ឋា​ភិបាល​ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលត្រូវចំណាយពេល​យ៉ាង​ច្រើន​ដោយការកកស្ទះចរាចរណ៍នេះ។ វត្តមានស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ត្រូវបានរំពឹងថា នឹងជួយដោះស្រាយបញ្ហាទាំងអស់នេះ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ស្ពានអាកាសចោមចៅនេះពិតជាមានសារសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកើតមានជាអន្លើៗ នាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ដោយសារផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេស។
លោកបញ្ជាក់ថា ស្ពាន និងផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅនេះ ក៏ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ផងដែរ ព្រោះជាបណ្តាញដឹកជញ្ជូនទំនិញសំខាន់ជាងគេ ដែលអាចឲ្យវិនិយោគិន អាជីវករ និងប្រជាពលរដ្ឋ​ទូទៅទទួលផលចំណេញ ចំពោះសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ មិនត្រឹមតែចំណេញពេលវេលានោះទេ ថែមទាំងចំណេញថវិកាក្នុងការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។
ខាងក្រោមជាព័ត៌មានពាក់ព័ន្ធនឹងគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ៖
ស្ពានទី១៖ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែង ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់​អតិបរិមាដែលអាចចរាចរក្រោមស្ពានបាន ៥.៥ម៉ែត្រ។
ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរចាពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត)។
ផ្លូវកោង និងផ្លូវក្រោមដី៖ ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរ​មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវលើផ្ទៃដី៖ ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ៕







No comments:

Post a Comment