Friday, June 29, 2018

អភិបាលខេត្តព្រះសីហនុ ស្នើឱ្យមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ

ព្រះសីហនុ៖ យោងតាមប្រសាសន៍របស់លោក យន្ត មីន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែមិថុនា ឆ្នាំ​២០​១៨ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកក្កដាឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យថាដឹង​ សព្វថ្ងៃនេះខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សមគាល់។
លោក យន្ត មីន​ បានបន្តថា ការអភិវឌ្ឍនេះមានភាពវិជ្ជមានខ្ពស់រហូតដល់៩០%តែក៏មានផលអវិជ្ជមានតិចតួចដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានមានប្រសាសន៍ថា លោកមានកង្វល់ធំមួយគឺបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រគឺជាកង្វល់ខ្លាំងមួយដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ដើម្បីការពារបរិស្ថានឆ្នេរនិងទឹកសមុទ្រ។
ដើម្បីដោះស្រាយបញ្ហានេះលោ យន្ត មីន ស្នើឱ្យម្ចាស់អាជីវកម្មនិងសំណង់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ​ដ្ឋាននៅក្រុងព្រះសីហនុ ទាំងឡាយត្រូវតែធ្វើអាងចំរោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ ទោះ​ជាយ៉ាងណាលោក យន្ត មីន បានរំលឹកឱ្យនគរបាល និងអាវុធហត្ថខេត្តរឹតបន្តឹងបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អប្រសើរ កំលាំងសមត្ថកិច្ចទាំងអស់ត្រូវតែពង្រឹងការងារនេះឱ្យបានតឹងរ៉ឹងបំផុតដើម្បីសុវ​ត្ថិភាពប្រជាពលរដ្ឋ។
គូររំលឹកថា កាលពីចុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយត្រូវតែរៀបចំឱ្យមានអាងចំរោះទឹកកខ្វក់ជាដាច់ខាត ដោយទុករយៈពេលអោយ៩០ថ្ងៃ។ ផុតរយៈពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ និងផ្អាកអាជីវកម្ម ប្រសិនណាជាមិនអនុវត្តតាមសេចក្តីជូន​ដំណឹងនេះ។

យោងតាមស្មារតីនៃកិច្ចប្រជុំនេះដែរ បានបង្ហាញាថាក្នុងខែមិថុនា២០១៨នេះដែរ រដ្ឋបាលខេត្តបានសម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្ត។ បញ្ហាប្រឈមទាំងនោះរួមមាន៖ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ បញ្ហាបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ ចរាចរណ៍ ការរំលោភអូរ រំលោភចំណីផ្លូវសាធារណៈ បញ្ហាក្រុមពលរដ្ឋអនាធិបតេយ្យដើរន្រ្ទានដី និងបញ្ហាពលរដ្ឋស្នើសុំផ្លូវ ជាដើម…។ល។ តែយ៉ាងណាក៏នៅបញ្ហាប្រឈមមួយចំនួនទៀតដែលកំពុងរកដំណោះស្រាយបន្តដើម្បីផលប្រយោជន៍ជាស្នូល៕


No comments:

Post a Comment