Friday, June 29, 2018

អភិបាលរងខេត្តស្វាយរៀង ដឹកនាំប្រជុំដោះស្រាយបញ្ហាទឹកលិច​ដំណាំស្រូវ​បងប្អូនកសិករ​ ដោយសារការ​ដោះទឹក​ចេញពីអាងទឹកវ៉ៃគោ​

ស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាទឹកលិចដំណាំស្រូវបងប្អូនកសិករ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរចំនួន២០គ្រួសារ លើផ្ទៃដីប្រមាណ៥០ហិកតា ដោយសារការដោះទឹកចេញពីអាងទឹកវ៉ៃគោ តាមការស្នើសុំរបស់ក្រុមហ៊ុនសាងសង់ស្ពានតាហោ ដើម្បីចាក់បេតុងធ្វើគ្រឹះស្ពាន។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលាឃុំបាសាក់ ដោយមានការចូលរួមពីសំណាក់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ បានចូលរួមយោបល់ដោះស្រាយបញ្ហាប្រឈម ជាលទ្ធផលលោកអភិបាលរងខេត្ត បានសម្របសម្រួល និងសម្រេច ដូចខាងក្រោម៖
១.យោងតម្រូវការចាំបាច់បងប្អូនកសិករ មន្ទីរធនធានទឹកខេត្ត និងបិទទ្វារទឹកនៃអាងទឹកវ៉ៃគោ ជាបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈដល់បងប្អូនធ្វើការច្រូតកាត់ស្រូវដែលរងការប៉ះពាល់ផលប្រមាណ ៥០ហិកតា។

២.អាជ្ញាធរភូមិ-ឃុំ និង មន្ទីរជំនាញ ត្រូវតាមដានសភាពការណ៍ជាក់ស្តែង ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង ឬមានទឹកច្រើនធ្លាក់មកពីប៉ែកខាងលើ មន្ទីរធនធានទឹកខេត្ត នឹងបើកទ្វារទឹកទ្បើងវិញ ដើម្បីសម្រួលដល់ការសាងសង់ស្ពាន ដែលកំពុងចាក់គ្រឹះបេតុង។ ដំណោះស្រាយនេះទាំងប្រជាកសិករ និង ក្រុមហ៊ុនទទួលយកដោយមិនមានភាគីណាមួយទទួលរងផលប៉ះពាល់នោះទេ៕






No comments:

Post a Comment