Friday, March 30, 2018

ជនសង្ស័យកាប់បំផ្លាញសិវលិង្គចំនួន៦នៅភ្នំគូលែនត្រូវបានចាប់មកផ្តន្ទាទោសហើយ!

ជនសង្ស័យចំនួនពីររូបក្នុងចំណោមគ្នាបីនាក់ ត្រូវបានមន្ត្រីប៉ូលិសជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ស៊ើបអង្កេតដឹងតាមចម្លើយសារភាពថាជាអ្នកបានវាយបំផ្លាញចម្លាក់សិវលិង្គនៅបាតស្ទឹងលិង្គមួយពាន់នៃរមណីយដ្ឋានភ្នំគូលែនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យទាំងពីររូបនេះត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតីវិធីច្បាប់កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។ ជនសង្ស័យទី១មានឈ្មោះ សារឿន យ៉ុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនសង្ស័យទី២ឈ្មោះ ព្រីង ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរព្រីនរូបថត រស់នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ រីឯជនសង្ស័យទី៣ឈ្មោះ រុន រស់នៅស្រុកជាមួយគ្នា បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីនឹងចាប់យកមកផ្តន្ទាទោសដូចគ្នាចំពោះទង្វើបំផ្លាញបេតិកភណ្ឌឥតស្គាល់ពីតម្លៃនៃសម្បត្តិវប្បធម៌ដូនតា។ បើតាមចម្លើយសារភាពពីជនសង្ស័យឥតស្រឡាញ់សម្បត្តិជាតិទាំងនេះ ពួកគេបានប្រើដាវសាម៉ូរ៉ៃដាប់បំផ្លាញសិវលង្គទាំង៦ពិតប្រាកដមែន។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតដាវបានចំនួន៣ដើមដើម្បីរក្សាទុកធ្វើជាភស្តុតាង។

តាមការបញ្ជាក់ពីលោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នារសៀលថ្ងៃទី២៩ មីនា ឆ្នាំ២០១៨បានឱ្យដឹងថា ក្រុមការងារបានឃើញភាពខុសប្រក្រតីនៃសិវលិង្គពេលដើរល្បាតនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០១៨ ហើយក៏បានរៀបចំដាក់ពាក្យបណ្តឹងទៅតាមនីតិវិធី ដើម្បីស្វែងរកអ្នកប្រព្រឹត្តយកមកផ្តន្ទាទោសទៅតាមច្បាប់។ ពេលនេះជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួនបាន២នាក់ហើយ រង់ចាំការសាកសួរទៅតាមនីតិវិធីច្បាប់បន្តទៀត ហើយម្នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

លោកបញ្ជាក់ទៀតថា សិវលិង្គដែលជនសង្ស័យបានលួចដាប់បំផ្លាញនៅបាតស្ទឹងលិង្គមួយពាន់លើភ្នំគូលែន មានចំនួន៦។ ក្នុងនោះសិវលិង្គចំនួន៣ត្រូវបានជនល្មើសដាប់យកចេញ និងបានកាប់សិវលិង្គចំនួន៣ទៀត តែមិនទាន់ដាច់ចេញពីជើងទម្រនៅឡើយ។

អាជ្ញាធរជាតិអប្សរានឹងពង្រឹងសមត្ថកិច្ចការពាររបស់ខ្លួនដោយសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗឱ្យបានល្អជាងមុន ព្រមទាំងបញ្ជ្រាបចំណេះដឹងស្តីពីតម្លៃនៃបេតិកភណ្ឌដល់ប្រជាជនក្នុងតំបន់ ពិសេសគឺយុវជនជំនាន់ក្រោយដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់ការពារថែរក្សា អភិរក្សមរតកវប្បធម៌បន្តពីអ្នកជំនាន់មុន។ ប្រជាជនទាំងអស់ក៏ជ្រួតជ្រាប ហើយសន្យាចូលរួម និងអប់រំកូនចៅខ្លួនឱ្យយកចិត្តទុកដាក់ ថែរក្សាសម្បត្តិដូនតាឱ្យបានគង់វង្ស។

អាជ្ញាធរជាតិអប្សរាសូមម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការបាត់បង់នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនៅលើភ្នំគូលែន។ មិនតែប៉ុណ្ណោះ ទីតាំងសិវលិង្គនេះ ក៏ជាទីសក្ការៈដ៏សក្តិសិទ្ធិក្នុងជំនឿសុំទឹកមន្តរបស់ប្រជាជនខ្មែរផងដែរ។ យើងសូមថ្កោលទោសយ៉ាងដាច់ខាត ចំពោះជនឥតស្គាល់អត្តសញ្ញាណជាតិដែលដាច់ចិត្តលើកដៃបំផ្លាញសម្បត្តិពាន់ឆ្នាំទាំងនេះឱ្យខូចខាតនិងបាត់បងរូបភាពដើម។

នេះជាការសោកស្តាយណាស់ ក្នុងនាមជាកូនខ្មែរគ្រប់រូប ត្រូវចូលរួមលើកតម្លៃ សិក្សាស្រាវជ្រាវ និងថែរក្សាសម្បត្តិជាតិទាំងអស់ឱ្យបានល្អប្រសើរ ជាជាងការបំផ្លាញ រហូតបាត់បង់ ទើបស្តាយក្រោយ៕




No comments:

Post a Comment