Friday, March 30, 2018

លោក ហុង លីម ត្រូវបានសភារដ្ឋ​វិចតូរៀអូស្ត្រាលី បង្ខំឱ្យសុំទោសចំពោះកាយ​វិការដ៏​ឈ្លើយរបស់លោក នៅពេលប្រជុំសភា

សមាជិក​សភាមួយរូប នៃគណបក្សពលករ ប្រចាំនៅ​រដ្ឋវិចតូរៀ ប្រទេស​អូស្ត្រាលី គឺលោក ហុង លីម ត្រូវបានកាមេរ៉ា​នៅក្នុងសភារដ្ឋនេះ ចាប់បានសកម្មភាព​លោកលើកមម្រាមដៃកណ្តាល ដែលជា​កាយវិការមួយ មិនសមគួរ ឬឈ្លើយ​តែម្តង​សម្រាប់ជនជាតិលោក​ខាងលិច។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន ABC អូស្ត្រាលី ដែលត្រូវបាន​ដកស្រង់នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។

ជុំវិញការចាប់បាន​កាយវិការ មិនសមជាសមាជិក នៃអង្គនីតិបញ្ញតិរូបនេះបង្ខំឲ្យលោក ហុង លីម ថ្លែងសារសុំទោស​ដើម្បីបញ្ចប់រឿងតែម្តង។ ការបញ្ចេញ​កាយវិការ​ខាងលើនេះគឺត្រូវបានចាប់​ដោយកាមេរ៉ា អំឡុងពេល​ដែលលោក និងសមាជិក​សភាឯទៀត ប្រជុំពិភាក្សាគ្នា​នៅថ្ងៃចុងក្រោយ អំពីថវិកាជាតិ​សម្រាប់ខែឧសភា ដែលត្រូវ​​បានគេ​មើល​ឃើញថា ភាពតានតឹង​ត្រូវបានបង្កឡើងដោយ​សមាជិកសភាបក្ស​​ប្រឆាំង ទៅលើលោក Daniel Andrews ប្រធាន​រដ្ឋបាល នៃរដ្ឋវិចតូរៀ ស្ថិតភាគអាគ្នេយ៍​ប្រទេសអូស្ត្រាលីមួយនេះ ជុំវិញការចូលរួម​របស់លោក ក្នុងរឿងអាស្រូវ​នៃការ​បោះឆ្នោត។

បញ្ហាធ្ងន់ គឺបានផ្ទុះឡើង​នៅអំឡុងពាក់​កណ្តាលទី នៃកិច្ចប្រជុំ​ខាងលើនេះ ដោយក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង បានខឹងសម្បារ និងចោទ​លោក ហុង លីម ថាបាន​លើម្រាមដៃ​កណ្តាលដាក់ពួកគេ ហើយ​លោកស្រី Roma Britnell ដែលជា​សមាជិក​សភាម្នាក់ដែរនោះ គឺជាអ្នកដែល​បានមើលឃើញ​សកម្មភាព ដែលមិនសមគួរ​បំផុតនេះ។
សមាជិកសភាមួយរូប​ទៀតនៃបក្សប្រឆាំង គឺលោក Dee Ryall បានលើកឡើង​បញ្ហានេះ ជម្រាប​ទៅកាន់លោក Colin Brooks ដែលជាប្រធានសភា ដោយបានអះអាងថា «ទង្វើលោក ហុង លីម គឺពិតជា​មិនសមរម្យ (ឈ្លើយ) និង​គួរឲ្យអាម៉ាស់បំផុត»។ បន្ទាប់មកលោក Brooks ក៏បានពិនិត្យ​មើលវីដេអូឡើង​វិញ ហើយក៏បាន​ឃើញថា លោក ហុង​ លីម ពិតជាបាន​​លើកម្រាមដៃ​កណ្តាលពិតមែន ប៉ុន្តែដោយសារ​តែគាត់ងោកក្បាលចុះ ដូច្នេះគេមិន​អាច​ដឹងថា លោកចង្អុល​ទៅនរណាម្នាក់នោះ​ឡើយ។

គួរបញ្ជាក់ថា ដើម្បីបញ្ចប់​បញ្ហានេះ លោក ហុង លីម បានសម្រេចចិត្ត​ធ្វើការសុំទោស​យ៉ាងខ្លី​ទៅអង្គសភា នៅល្ងាច​ថ្ងៃដដែល ចំពោះការដែលលោកបានព្រលែង​កាយវិការមិន​សមគួរនេះចេញមក៕


No comments:

Post a Comment