Friday, March 30, 2018

លោក វង សូត ថ្លែងថាការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង

ត្បូងឃ្មុំ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នូវអគារសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តគិរីវណ្ណារាម ហៅវត្តជ័យនិគម នាថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រី វង សូត បានមានប្រសាសន៍ថា នៅវត្តគិរីវណ្ណារាម ហៅវត្តជ័យនិគមនេះ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនជំនាន់ ដែលបណ្តាលមកពីភ្លើងសង្គ្រាម ហើយសង្គ្រាមបានបង្កវិនាសកម្ម សោកនាដកម្ម ភាពអន្តរាយហិនហោចប្រទេសជាតិគ្រប់បែបយ៉ាង ជាក់ស្តែងបានបន្សល់ទុក ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនអនាថាគ្មានទីពឹងជាដើម។ បច្ចុប្បន្នប្រទេសកម្ពុជា បានអភិវឌ្ឍន៍ខ្លួនជាប្រទេស ដែលមានចំណូលគួរសម បើប្រៀបធៀបជាមួយបណ្តាប្រទេស ក្នុងតំបន់នៅអាស៊ី និងបន្តការអភិវឌ្ឍន៍លើគ្រប់វិស័យដោយឥតឈប់ឈរ ប៉ុន្តែដើម្បីរក្សាបាននូវការរីកចម្រើននេះ ត្រូវពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង។

លោក វង សូត បានគូសបញ្ជាក់ថា ដើម្បីថែរក្សាការពារសុខសន្តិភាពនេះ បានចាំបាច់ត្រូវពឹងផ្អែកឱ្យមានការចូលរួម ពីប្រជាពលរដ្ឋទាំងប្រទេស ឱ្យចូលរួមសហការ ដោយពុំចាំបាច់ចំណាយអ្វីទាំងអស់ គឺគ្រាន់តែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដើម្បីបន្តគ្រប់គ្រងប្រទេស ព្រោះលោកមាន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសកម្ពុជា។ លោកបន្តថាសូមប្រជាពលរដ្ឋកុំជឿតាមការញុះញង់ លាបពណ៌ បំបែកបំបាក់ នាំឱ្យមានការប្រកាន់ពូជសាសន៍ ព្រោះជាហេតុបណ្តាលឱ្យមានការបែកបាក់សាមគ្គីជាតិ៕






No comments:

Post a Comment