Friday, March 30, 2018

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ រៀបចំពិធីបើកប្រាក់បេឡាមរណៈសង្គ្រោះ របស់សមាគមជូនដល់គ្រួសារសពសមាជិក នៅស្រុកក្រគរ

ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធភូមិភាគទី៥, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់, ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានអញ្ញើញជាអធិបតីក្នុងពិធីបើកប្រាក់បេឡាមរណៈសង្គ្រោះ ស.អ.ក ជូនដល់គ្រួសារសពសមាជិក ស.អ.ក ខេត្តពោធិ៍សាត់។ ក្រុមគ្រួសារសពអតីតយុទ្ធជនមានឈ្មោះ ផេង ភឺន ដែលជានិវត្តជនយោធា ភេទប្រុស ដែលបានទទួលមរណៈភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដោយជរាពាធ នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះមានការចូលរួមពី លោកវរៈសេនីយ៍ទោ ជាង ឈន នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានលេខា ស.អ.ក ខេត្តពោធិ៍សាត់, លោក វរៈសេនីយ៍ឯក ប៊ុត អេង មេបញ្ជាការផ្នែកសឹករងស្រុកក្រគរ អនុប្រធាន ស.អ.ក ស្រុកក្រគរ ក្រុមការងារថ្នាក់ខេត្ត សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចំនួន១៥នាក់។ ក្នុងឪកាសនោះលោកប្រធាន ស.អ.ក ខេត្ត បានសំណេះសំណាល និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងក្រុមការងារ និងបានអានលិខិតចូលរួមមរណៈទុក្ខរបស់ ស.អ.ក ខេត្តពោធិ៍សាត់ផងដែរ។

ថវិកាមរណៈសង្គ្រោះរបស់ ស.អ.ក និងអំណោយដែលបាននាំយកមកចែកជូន ក្នុងនោះមាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះអគ្គបញ្ជាការ ខ.ភ.ម មេបញ្ជាការរងកងទ័ពជើងគោក, អគ្គលេខាធិការរងគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.អ.ក ចំនួន ៤.០០០.០០០រៀល, ថវិការបស់លោកស្រី ពេជ ចន្ទមុន្នី ចំនួន ២០០.០០០រៀល និងអង្ករចំនួន ១០០គីឡូក្រាម និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្តពោធិ៍សាត់ ថវិកា ៥០.០០០រៀល អង្ករចំនួន ៣០គីឡូក្រាម៕









No comments:

Post a Comment