Friday, March 30, 2018

លោក ទៀ បាញ់ ថ្លែងថា កម្ពុជាទទួលជោគជ័យផ្នែកបោសសម្អាតមីន នៅក្នុងប្រទេស និងបានបញ្ជូនកងកម្លាំងទៅបោសសម្អាតមីននៅក្រៅប្រទេស

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កាលពីអតីតកាលកម្ពុជា ជាប្រទេសទទួលជំនួយផ្នែក បោសសម្អាតមីន ពីបណ្តាប្រទេសជាមិត្ត និងតែងតែបញ្ជូនសិក្ខាកាមទៅសិក្សានៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយ ទៅជាប្រទេស ដែលបទពិសោធន៍ មានសមត្ថភាព បោស​សម្អាតមីន និងបានប្រែក្លាយទៅជាប្រទេស ដែលហ្វឹកហ្វឺនគ្រូបង្គោលបោស សម្អាតមីន ដល់សិក្ខាកាមនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅបំពេញបេសកកម្មនៅតាមប្រទេសនានា ដែលរងគ្រោះដោយសារគ្រាប់មីនជាបន្តបន្ទាប់។

លោកបានថ្លែងដូចនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញ បោសសម្អាតមីន ថ្នាក់អាស៊ាន និងតំបន់ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព អបស នៅទីស្តីគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងនាយទាហាន ពលទាហាន សិក្ខាកាមទើបបញ្ចប់វគ្គហ្វឹកហ្វឺនយ៉ាងច្រើនកុះករផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន នៅតាមបណ្តាប្រទេសទាំងនោះ តែងតែទទួល បាននូវការកោតសសើរយ៉ាងខ្លាំងពីសំណាក់បរទេសថា ពោរពេញទៅដោយបទពិសោធន៍ និងសមត្ថភាពខ្ពស់ហើយ ដូច្នេះហើយបានជាកម្ពុជា ប្រែក្លាយពីប្រទេសបញ្ជូនសិក្ខាកាម ទៅសិក្សានៅបរទេសផ្នែកបោសសម្អាតមីន មកជាប្រទេសមួយដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះវគ្គ ហ្វឹកហ្វឺនបណ្តុះបណ្តាល គ្រូបង្គោលបោសសម្អាតមីននៅក្នុងតំបន់ នៅពិភពលោក ក្នុងរយៈពេលដ៏ខ្លីនេះ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងបើកវគ្គហ្វឹកហ្វឺនដល់សិក្ខាកាម នៅក្នុងតំបន់អាស៊ាន និងតំបន់បន្តទៀតដើម្បីចូលរួមចំណែក បោសសម្អាតមីនគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់បន្សល់ពីសម័យសង្គ្រាមផងដែរ៕






No comments:

Post a Comment