Friday, March 30, 2018

ចិន និងរុស្ស៊ីត្រូវបានចោទប្រកាន់ថា កំពុងបង្កសង្រ្គាម​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធ​មនុស្សនៅ​អង្គ​ការ​សហ​ប្រ​ជា​​ជាតិ

ប្រទេសទាំងពីរបានបញ្ចុះបញ្ចូល ឱ្យកាត់មូលនិធិសម្រាប់អ្នកឃ្លាំមើលសិទិ្ធមនុស្ស និងសម្រាប់តំ​ណែងជាន់ខ្ពស់មួយដែលធ្វើការងារសិទ្ធិមនុស្ស។

បើយោងតាមអ្នកការទូត និងសកម្មជនបានឱ្យដឹងថា ប្រទេសចិន និងប្រទេសរុស្ស៊ី កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងមួយដែលមានភាពរឹងមាំ និងទទួលបានជោគជ័យកាន់តែខ្លាំងឡើងនៅឯអង្គការ​សហ​ប្រជាជាតិ ដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការការពារសិទ្ធិមនុស្ស​នៅជុំវិញពិភពលោកចុះខ្សោយ។

ប្រទេសទាំងពីរ បានប្រើប្រាស់គណៈកម្មការគ្រប់គ្រងថវិការបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាគណៈកម្មការទី ៥ ដើម្បីកាត់មូលនិធិសម្រាប់អ្នកឃ្លាំមើលសិទិ្ធ មនុស្ស និងសម្រាប់តំណែងជាន់ខ្ពស់មួយនៅក្នុងការិយាល័យអគ្គលេខាធិការ ដែលត្រូវបានគេសន្មត់ថា ធា​នា​ឱ្យបាននូវសិទ្ធិមនុស្ស ដែលជាសសរស្តម្ភមួយក្នុងចំណោមសរស្តម្ភបីនៃមុខងាររបស់អង្គការ​សហប្រជាជាតិ គឺមិនត្រូវបានបំភ្លេចចោលក្នុងការងារពីមួយថ្ងៃទៅមួយថ្ងៃរបស់ខ្លួនទេ។

គំនិតផ្តួចផ្តើមរបស់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ The UN Human Rights Up Front ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ បន្ទាប់ពីមានការបរាជ័យជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិ​ក្នុងការទប់ស្កាត់ ឬបង្ហាញការព្រួយបារម្ភចំពោះអំពើឃោរឃៅ ដែលឈានទៅដល់ការសម្លាប់រង្គាលនៅ Sri Lanka ក្នុងឆ្នាំ ២០០៩។

មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងការិយាល័យអគ្គលេខាធិការត្រូវបានតែងតាំង ដើម្បីធានាថាដំណើរការ​គឺត្រូវបានធ្វើឡើងលើបញ្ហានេះនៅក្នុងអង្គការទាំងមូល ប៉ុន្តែការផ្តល់មូលនិធិសម្រាប់តំណែងនោះត្រូវ​បានកាត់ក្នុងឆ្នាំនេះដោយគណៈកម្មការទី ៥ ដោយសារការបញ្ចុះបញ្ចូលពីប្រទេសចិន និង​រុស្ស៊ី។ ការកាត់មូលនិធិនេះត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងគោលនយោ បាយការបរទេស មាន​ន័យថា ការងារសិទិ្ធមនុស្ស ដែលជាការទទួលខុសត្រូវរបស់មន្រ្តីនោះ នឹងត្រូវបានបែងចែកទៅតំណែងផ្សេងៗទៀតដែលមានអាទិភាព។

ការផ្តល់មូលនិធិរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅទីក្រុង Geneva ត្រូវបានកាត់។ ស្នងការជាន់ខ្ពស់បច្ចុប្បន្នលោក Zeid Ra’ad Hussein បានប្រកាសថា លោកនឹងលាឈប់ពីតំណែងនៅឆ្នាំនេះ និងមិនស្វែងរកតួនាទីផ្សេងទៀតសម្រាប់អាណត្តិក្រោយទេ។ លោកបានពន្យល់ដល់បុគ្គលិករបស់លោកថា ការខ្វះការគាំទ្រជាសកលសម្រាប់ការការពារសិទ្ធិមនុស្សបានធ្វើឱ្យការ​ងាររបស់លោកមិនអាចទ្រទ្រង់បាន។

កាលពីសប្តាហ៍មុន លោក Zeid បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តី​ពីស្ថានភាពលំបាករបស់ជនស៊ីវិលនៅក្នុងប្រទេសស៊ីរី ប៉ុន្តែមុនពេលដែលគាត់បានចាប់ផ្តើម រុស្ស៊ី​បានលើកឡើងពីនីតិវិធីបោះឆ្នោតមួយ ដើម្បីបញ្ឈប់ការនិយាយរបស់គាត់​ ដោយលើកឡើងថា ក្រុមប្រឹក្សាមិនមែនជាវេទិកាសមស្របដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនោះទេ។

លោក Louis Charbonneau ប្រធានអង្គការឃ្លាំមើលសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា «គណៈកម្មការទី ៥ បានក្លាយទៅជាមូលដ្ឋានជម្លោះមួយសម្រាប់បញ្ហាសិទ្ធិមនុស្ស​»។ «ប្រទេសរុស្ស៊ី ចិន និងប្រទេសដទៃទៀតបានចាប់ផ្តើមធ្វើសង្គ្រាមដោយយកបញ្ហាសិទ្ធិ​មនុស្សមកបាំងមុខ» ។

លោក Charbonneau បាននិយាយថា «អ្នកអាចទទួលបានអាណត្តិមួយសម្រាប់ការងារសិទិ្ធមនុស្សនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែបន្ទាប់មកប្រទេសរុស្ស៊ី និងចិនជាអ្នកនៅពីក្រោយខ្នងដោយបានកាត់មូលនិធិ»។ ហើយប្រទេសដែលគាំទ្របញ្ហាសិទ្ធិមនុស្សមិនបានឆ្លើយតបអ្វីបែបវិជ្ជមាននោះទេ។ ប៉ុន្តែសំណួរគឺថា «តើយើងនឹងបណ្តោយឱ្យពួកគេទទួលបានជោគជ័យឬយ៉ាង?»

លោក Richard Gowan អ្នកជំនាញការរបស់អង្គការសហប្រជាជាតិប្រចាំក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងបរទេសបាននិយាយថា «ប្រទេសចិនមានសន្ទុះនយោបាយពិតប្រាកដនៅអង្គការសហប្រជាជាតិឥឡូវនេះ» ។ បច្ចុប្បន្ននេះ ចិនគឺជាអ្នកចូលរួមផ្តល់វិភាគទានដ៏ធំបំផុតទី ២ នៅក្នុងមូលនិធិអង្គការសហប្រជាជាតិ បន្ទាប់ពីអាមេរិក ហើយមានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការរារាំងសកម្មភាពសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ។ ចិនក៏កំពុងជំរុញរបៀបវារៈរបស់ខ្លួន ដោយសង្កត់ធ្ងន់ទៅលើ «ភាពសុខដុម» ជាជាងសិទ្ធិបុគ្គលនៅក្នុងវេទិកាអង្គការសហប្រជាជាតិ។

អ្នកការទូតលោកខាងលិចម្នាក់នៅអង្គការសហប្រជាជាតិបានទទួលស្គាល់ថា សិទ្ធិមនុស្សកំពុងបាត់បង់មូលដ្ឋាននៅអង្គការសហប្រជាជាតិ ដែលមួយផ្នែកដោយសារតែប្រទេសចិនទទួលបានសម្លេងគាំទ្រច្រើនជាងមុន ការត្រៀមរៀបចំដឹកនាំយុទ្ធនាការបញ្ចុះបញ្ចូល ហើយដោយសារតែទីក្រុងប៉េកាំងកំពុងបង្កើនការវិនិយោគកាន់តែច្រើនឡើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីឈ្នះឆ្នោត សម្រាប់របៀបវារៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ។

អ្នកការទូតបាននិយាយថា «គណៈកម្មការទី ៥ គឺជាមូលដ្ឋានជម្លោះដ៏សំខាន់មួយ»។ «ក្រុមរបស់យើងកំពុងតែប្រយុទ្ធប្រឆាំងនៅក្នុងមូលដ្ឋាននេះយ៉ាងខ្លាំង។ យើងចង់ទទួលបាននូវគុណតម្លៃដ៏ល្អបំផុតសម្រាប់អ្នកជាប់ពាក់ព័ន្ធ ប៉ុន្តែក៏ត្រូវប្រាកដថា អ្វីដែលសំខាន់នៅក្នុងការងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះគឺមិនត្រូវបានគេកាត់មូលនិធិ៕

​ប្រភព៖ The Guardian ចុះថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៨


No comments:

Post a Comment