Friday, March 30, 2018

គណៈប្រតិភូយុវជនរាជធានីភ្នំពេញ បំពេញទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍លោក ហេង សំរិន អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ គណៈប្រតិភូយុវជនរាជធានីភ្នំពេញ បំពេញទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍លោក ហេង សំរិន អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។ ទស្សនកិច្ចសិក្សានេះ បានទទួលការស្វាគមន៍ពី លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ ដោយលោកបានជួបសំណេះសំណាលជាមួយប្រតិភូយុវជនរាជធានីភ្នំពេញ។
ក្នុង​ឱកាសនោះ លោកអភិបាលរងខេត្ត បាន​ធ្វើបទបង្ហាញដល់ក្រុមយុវជន អំពីទីតាំងនៃការតស៊ូរំដោះប្រទេសជាតិរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងបង្ហាញពីការអភិវឌ្ឍនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដើម្បីបានជាខឿនការពារបូរណភាពទឹកដី ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន(មានវត្តអារាម សាលារៀន មណ្ឌលសុខភាព និងរមណីយដ្ឋាន)។
លោកអភិបាលរងខេត្ត ក៏បានបង្ហាញបន្តទៀតថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវខ្សែក្រវាត់ព្រំដែនដែលកសាងដោយកងកម្លាំងវិស្វកម្ម ក្នុងន័យការពារជាតិ ការពារទឹកដី និងមាតុភូមិជាទីស្នេហានៃយើង។ ជាមួយគ្នានេះលោកអភិបាលរងខេត្ត បានបញ្ជាក់ ពីគោលបំណងនៃការបំបែកខេត្តត្បូងឃ្មុំចេញពីខេត្តកំពង់ចាម គឺដើម្បីបង្ខិតសេវាឲ្យកាន់តែគៀកជិតប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់យុវជនថា សមិទ្ធផលទាំងអស់នេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពគឺកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា ដូច្នេះសូមធ្វើការពិចារណា មុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ និងសូមចូលរួមការពារសន្តិភាពទាំងអស់គ្នា៕



No comments:

Post a Comment