Wednesday, January 24, 2018

ក្រុមហ៊ុនអាកាសចរណ៍ JC អន្តរជាតិទទួលស្វាគមន៍យន្តហោះទី៥ ដែលបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមការគ្រោងទុក

ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី (JC) នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ បានទទួលស្វាគមន៍យន្ដហោះទី៥ របស់ខ្លួន ដែលបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៧៖៤០នាទីព្រឹក។ ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី គឺជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្នុងស្រុកមួយ ដែលបានវិឌ្ឍន៍ខ្លួន រីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងបរិបទនៃវិស័យមួយនេះ។ ក្រុមហ៊ុននេះបានធ្វើការវិនិយោគលើទឹកប្រាក់សរុបចំនួន ១ពាន់លានដុល្លារ ដោយបានធ្វើការហោះហើរចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

យោងតាមទិន្នន័យក្រសួងទេសចរកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០១៧ ចំនួនទេសចរចិនមកកាន់ប្រទេសកម្ពុជា បានឈានដល់ ៩៤៩.៨៥៦នាក់កើនឡើងដល់ ២១.៩% ។ ជាមួយគ្នាដែរ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ចំនួនទេសចរដែលចូលមកប្រទេសកម្ពុជាតាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសនៅតែបន្តកើនឡើងនិងកំពុងតែកើនឡើងបន្តិចម្តងៗ បើប្រៀបធៀបជាមួយនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក។

បើយោងទៅតាមការព្យាករណ៍ទីផ្សាររបស់ IATA2018 បានឲ្យដឹងថា ទីផ្សារដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសពីប្រទេសចិន មកកម្ពុជានៅតែមានការកើនឡើង។ ដូចនេះដើម្បីសិក្សាអំពីទីផ្សារប្រទេសចិនបន្ថែមទៀត ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ីបានពង្រីកជើងហោះហើររបស់ខ្លួនជាបន្តបន្ទាប់ទៀតដូចជា សៀមរាប-ឃុនមីញ សៀមរាប-ស៊ីអាន និងសៀមរាប-ស៊ីចូវ ដែលគ្រោងនិងហោះហើរជាលើកដំបូង នៅចុងខែមករានេះ។ ស្របពេលជាមួយគ្នានេះក្រុមហ៊ុននេះក៏បានបង្កើតជើងហោះហើរមួយទៀតទៅកាន់ទីផ្សារអាស៊ានគឺ ភ្នំពេញ-សិង្ហបុរី ដែលនឹងត្រូវចាប់ផ្តើមហោះហើរលើកដំបូងនៅថ្ងៃទី ២៥ មករា នេះផងដែរ។

សូមជម្រាបផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ីបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែមីនា ដោយបានធ្វើការហោះហើរចំនួន ៣៧១៨ លើកនៅឆ្នាំ ២០១៧ និងដឹកអ្នកដំណើរបានចំនួនជាង ៤០០.០០០ នាក់ដោយសុវត្ថិភាព។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានលើកឡើងថា គោលដៅចម្បងសម្រាប់ឆ្នាំ២០១៨នេះ គឺត្រូវពង្រីកជើងហោះហើររបស់ខ្លួនជាបន្ថែមទៀត ដើម្បីធ្វើឱ្យក្រុមហ៊ុនរបស់ខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដែលបំរើសេវាយ៉ាងពេញលេញនៅក្នុងប្រទេសកម្ពុជា៕





No comments:

Post a Comment