Wednesday, January 24, 2018

លោក ថោង ខុន ដឹកនាំប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងឈៀងម៉ៃ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូ​ក្រសួងទេសចរណ៍កម្ពុជាចេញពីមាតុភូមិកម្ពុជា ទៅចូលរួមវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៦ ខែមករា។

វេទិកាទេសចរណ៍ខាងលើ នឹងមានកិច្ចប្រជុំសំខាន់ៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក៣ អាស៊ានឥណ្ឌា កិច្ចប្រជុំជាមួយមជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន កូរ៉េ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ស្អែកនេះ។

ក្រៅពីនេះ ក៏មានកម្មវិធីជួបប្រជុំសមាគមឧស្សហកម្មទេសចរណ៍អាស៊ាន ការប្រគល់រង្វាន់ទីក្រុងទេសចរណ៍​ស្អាតអាស៊ានដល់ប្រទេសសមាជិកអាស៊ាន និងកម្មវីធីពិព័រណ៍ទេសចរណ៍អាស៊ាន ដែលមានការចូលរួម​ពីប្រត្តិបត្តិករទេសចរណ៍អាស៊ាន ជាអ្នកលក់ និងអ្នកទិញពីក្នុងតំបន់ និងពិភពលោកផងដែរ។

សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមវេនវិលជុំ នៃប្រទេសជា​សមាជិក​ទាំង១០ ហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរួចហើយ កាលពីឆ្នាំ២០១១នៅរាជធានីភ្នំពេញ។ បន្ទាប់ពីប្រទេសថៃ ឆ្នាំ២០១៨នេះ នឹងដល់វេនប្រទេសវៀតណាមវិញម្ដង នៅឆ្នាំ២០១៩ និង ប្រុយណេ នៅឆ្នាំ២០២០។

គួររំឭកដែរថា នៅឆ្នាំ២០១៧ អាស៊ានទាំងមូលទទួលបានទេសចរប្រមាណ ១២៥លាននាក់ ក្នុងកំណើន ៩.៧%ផងដែរ ៕


No comments:

Post a Comment