Wednesday, January 24, 2018

សកម្មជន​លេចធ្លោ​មួយ​រូប​របស់​អតីត​បក្ស​ប្រឆាំង បង្ហោះផ្សាយ​អំពី​ភាព​វឹកវរ​ចលាចល​ផ្ទៃក្នុងបក្ស ដែល​កំពុង​ស្ថិត​ក្នុង​គ្រោះ​ប្រកាស​អាសន្ន​!

នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៨នេះ នៅ​ក្នុង​ទំព័រ Facebook ឈ្មោះ​ យុវតី​សង្គ្រោះជាតិ បាន​បង្ហោះ​ផ្សាយ​នូវ​អត្ថបទ​មួយ​​មាន​ចំណងជើងថា «ភាពវឹកវរចលាចលក្នុងបក្សខ្ញុំ ធ្លាក់ដល់ស្ថានភាពប្រកាសអាសន្ន» ដែល​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម​៖

ក្នុងនាមនាងខ្ញុំ សកម្មជនគណបក្សសង្គ្រោះជាតិ និងគ្នាខ្ញុំជាច្រើន ក្នុងខេត្តកំពង់ចាម សូមបញ្ចេញអារម្មណ៍ពិត និងចោទជាសំនួរ ក្រោយពីបានមើលឃើញសកម្មភាពថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយនេះកំពុងតែបំផ្លាញគណបក្សមួយនេះ ដែលក្រុមលោក សម រង្ស៊ី បានបំបែកខ្លួនទៅបង្កើតចលនាសង្គ្រោះជាតិថ្មីមួយទៀត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ គឺមានន័យថាទទួលស្គាល់សាលដីការរំលាយគណបក្សកាលពីខែ១២ ឆ្នាំ២០១៧។ ពេលនេះពួកគាត់បានកៀរគឱ្យក្រុមពួកខ្ញុំដែលដើរតាមលោកប្រធានកឹម សុខា ចូលរួមជាមួយពួកគាត់វិញ។ ក្រុមនាងខ្ញុំមានចម្ងល់ថា តើពេលនេះពួកយើងត្រូវដើរតាមបក្សសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន កឹម សុខា ឬដើរតាមចលនាថ្មីរបស់លោក សម រង្ស៊ី? ទោះជាពួកខ្ញុំដឹងច្បាស់ថាគណបក្សសង្គ្រោះជាតិពិតជារលាយតាមសាលដីកាតុលាការកំពូលពិតប្រាកដមែន ប៉ុន្តែពួកខ្ញុំនៅតែជំនះគាំទ្រគណបក្សមួយនេះ ទោះជាមានសមាជិកជាច្រើនបានចាកចេញ ប៉ុន្តែក្រោយមកដោយសារទំហំនៃការបែកបាក់គ្នាកាន់តែធំឡើងៗ មែនទែនទៅពួកយើងជាសកម្មជននៅពេលនេះវ៉លៗ បាត់បង់គោលដៅ បែកកម្លាំងនិងបាក់ទឹកចិត្តក្នុងការបន្តគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀតហើយ។

ក្រោយពីតុលាការ ឃាតខ្លួនលោកប្រធាន កឹម សុខា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និង គណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧ រួចមក មានរឿងរ៉ាវធំៗបង្កឡើងដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យពួកខ្ញុំយល់ឃើញថាបក្សដែលខ្ញុំកំពុងតែគាំទ្រនេះបានបែកចេញពីគ្នាហើយ៖

ទី១ អ្នកនាង កឹម មនោវិទ្យា និងក្រុមអ្នកស្រលាញ់លោក កឹម សុខា បានបំភ្លេចចោលទាំងស្រុងនូវការទាមទារឱ្យលើកលែងទោសលោកប្រធាន សម រង្ស៊ី ឱ្យលោកអាចវិលចូលស្រុកវិញបាន ហើយបានប្រមូលកម្លាំង ចេញទៅរកពឹងពាក់សហគមន៍អន្តរជាតិ ឱ្យឈប់ផ្តល់ជំនួយ ឈប់ទិញទំនិញពីកម្ពុជា ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់គំនាប ទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ជាហូរហែរ។

ទី២ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ លោកប្រធាន សម រង្ស៊ី បានបង្កើតចលនាថ្មីមួយទៀត ឈ្មោះថាចលនាសង្គ្រោះជាតិថ្មី ជំនួសឱ្យគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកនាង កឹម មនោវិទ្យា។ ក្រុមនាងខ្ញុំយល់ឃើញថា ចលនាសង្គ្រោះជាតិ ថ្មីនេះកំពុងតែដណ្តើមសម្លេងគាំទ្រពីក្រុមលោក កឹម សុខា ព្រោះស្របពេលដែលអ្នកនាង កឹម មនោវិទ្យា តែងតែប្រកាសថាដំណើរនៅក្រៅប្រទេសមានជោគជ័យជាខ្លាំង លោក សម រង្ស៊ី បែរជាបង្ហោះនៅលើទំព័រ Facebook របស់លោកថា គណបក្សសង្គ្រោះជាតិពេលនេះ កំពុងស្លាប់បន្តិចម្តងៗ ដោយសារតែថ្នាក់ដឹកនាំបច្ចុប្បន្ន ថាបក្សសង្គ្រោះជាតិជាប់គាំងមិនអាចធ្វើអីបាន ដូច្នេះ យើង ដាច់ខាត ត្រូវតែបង្កើត ចលនាសង្គ្រោះជាតិ» ដែលយើងមើលឃើញពីចេតនា លោកប្រធាន សម រង្ស៊ី ចង់សងសឹកលោកប្រធានកឹម សុខា ប្រមូលយកកម្លាំងរបស់បក្សមកក្តាប់ម្នាក់ឯង។

ទី៣ មួយថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិថ្មីជំនួសឱ្យបក្សសង្គ្រោះជាតិដែលលោកអះអាងថាកំពុងស្លាប់នោះ គឺនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តំណាងរាស្ត្រ រួមនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសប្រមាណ ៥០នាក់ដែលធ្លាប់ដើរតាមលោកប្រធាន កឹម សុខា បានចេញសេចក្តីប្រកាស បន្តការតស៊ូនយោបាយ ក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោជាតិជានិច្ច យើងប្តេជ្ញាថា មិនចូលរួមជាមួយចលនា ឬក្រុមអ្នកនយោបាយណាមួយក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ (សំដៅទៅលើចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី)។

ទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ពីរថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិ នៅលើទំព័រ Facebook របស់លោក កឹម សុខា បានបង្ហោះថា «គណបក្សសង្គ្រោះជាតិនៅតែរស់នៅលើដែនដីសុវណ្ណភូមិ មិនប្រែក្លាយជាអ្វីផ្សេង ហើយក៏មិនចាកឆ្ងាយពីប្រជាពលរដ្ឋខ្មែរឡើយ»ហាក់ខឹងសម្បារនឹងគំនិតរបស់លោកប្រធាន សម រង្ស៊ី។

ទី៥ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ លោក ទួន យក់ដា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តសៀមរាបដែលឡើងឋានៈមកតាមខ្សែលោកប្រធាន កឹម សុខា ហើយមានឈ្មោះក្នុងសេចក្តីថ្លែងការណ៍បង្កើតចលនាសង្គ្រោះជាតិនោះ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនក្នុង និងក្រៅប្រទេសថា គោលគំនិតនៃការរៀបចំ ចលនាសង្គ្រោះជាតិ ដែលចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គឺស្ថិតក្នុងដំណាក់កាលពិភាក្សា មិនទានដាច់ស្រេច និងមិនទាន់បានសម្រេចនៅឡើយទេ ហើយលោកមិនទទួលស្គាល់ចលនាសង្គ្រោះជាតិរបស់លោកប្រធាន សម រង្ស៊ី នោះទេ។

ទី៦ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កូនស្រីលោក កឹម សុខា គឺអ្នកនាង កឹម សាមាធីតា បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោកប្រធាន សម រង្ស៊ី ដែលបានប្រកាសនៅក្នុងទំព័រ Faceook ថា លោក កឹម សុខា មិនហ៊ានប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ខ្លាចលោក ហ៊ុន សែន ធ្វើបាប ដោយអ្នកនាងបានអះអាងថា ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងបានបញ្ជាក់ថារាល់ការសម្រេចចិត្តរបស់ឪពុកនាងគឺធ្វើឡើងដោយឆន្ទៈរបស់លោក។ ហើយរូបលោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារសុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំងដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ(មិនដូចលោកប្រធាន សម រង្ស៊ី តែងតែរត់ចោលអ្នកគាំទ្រសំងំយកសុខ)។

ភាពវ៉ល់ បែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ប្រកាន់បក្ខពួកចែកជាក្រុម ហើយបាត់ម្ចាស់ការរបស់ថ្នាក់ដឹកនាំនៅពេលនេះ ធ្វើឱ្យពួកខ្ញុំបាត់អស់ភាពរំពឹងថាបក្សនេះនឹងអាចរស់ឡើងវិញ តាមពិតទៅឥឡូវនេះពួកខ្ញុំពិតជាអស់សង្ឃឹមចំពោះគណបក្សសង្គ្រោះជាតិនេះខ្លាំងណាស់ ទោះជានៅបន្តគាំទ្រ ក៏មិនដឹងថាគួរនៅបន្តតស៊ូតាមក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ឬក៏ទទួលស្គាល់ ចលនាសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី ដែលមានន័យស្មើនឹងទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិពិតជារលាយ? ពួកខ្ញុំយល់ឃើញថាគួរតែឈប់ដើរតាមអ្នកនយោបាយដែលគ្មានភាពប្រកដនិយម ជាពិសេសទាញជាតិខ្មែរឱ្យដើរត្រលប់ក្រោយទៅរកក្តីវិនាសបែបនេះ ហើយបើសិនជាបានអំណាចមែន ក៏ខ្ញុំគ្មានសង្ឃឹមថាពួកគាត់អាចមានសមត្ថភាពដឹកនាំប្រទេសបានដែរ ព្រោះគ្រាន់តែបក្សនយោបាយមួយគ្មានសមត្ថភាពថែររក្សាឱ្យបានគង់វង្សរីកចម្រើនផងឃើញតែក្តីវិនាស ចុះទម្រាំអនាគតប្រទេសជាតិ និងប្រជាជនរាប់លាននាក់ តើពួកគាត់មានសមត្ថភាពទៅថែរក្សា និងទៅដឹកនាំតាមរបៀបណា?






No comments:

Post a Comment