Wednesday, January 24, 2018

កម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពេញលេញនៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នអគ្គិសនីគ្របដណ្ដប់ ៨១.៦% នៃផ្ទៃប្រទេស

លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា នៅចុងឆ្នាំ២០២០ ខាងមុខនេះ ភូមិដាច ស្រយាលនានា នៅក្នុងប្រទេសកម្ពុជាទាំង១៤,១៦៨ភូមិ នឹងមានបណ្ដាញអគ្គិសនីប្រើប្រាស់ ពេញលេញ រហូតទៅដល់៩៨% ជាមួយនឹងតម្លៃសមរម្យ មានស្ថិរភាព និងមានគុណភាពទៀតផង ខណៈដែលបច្ចុប្បន្ននេះ ភូមិចំនួន៨១.៦% មានអគ្គិសនីគ្របដណ្ដប់ពេញលេញ និងបានធ្វើឲ្យលំនៅដ្ឋានរហូតដល់៦៨.៦៤% មានអគ្គិសនីប្រើប្រាស់។

ថ្លែងក្នុងកម្មវិធីបើកសន្និបាត បូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក ស៊ុយ សែម បានថ្លែងឲ្យដឹងថា «ប្រសិនបើយើងគិតតាមល្បឿន នៃការអភិវឌ្ឍន៍ បណ្ដាញផ្គត់ផ្គង់អគ្គិសនីគ្រប់ប្រភេទ ដែលយើងអាចធ្វើបានក្នុងរយៈ២ទៅ៣ឆ្នាំកន្លងមកនេះ យើងសង្ឃឹមថា ដល់ចុងឆ្នាំ២០២០ ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនត្រឹមតែមានអគ្គិសនីប្រើប្រាស់ពីប្រភព អគ្គិសនី ផ្សេងៗទេ តែយ៉ាងហោចណាស់មាន៩៨ភាគរយ នៃភូមិទាំងអស់ នឹងមានអគ្គិសនីប្រើប្រាស់ចេញពី ប្រភពអគ្គិសនី របស់បណ្ដាញជាតិ ដែលមានតម្លៃទាបសមរម្យ មានការអនុគ្រោះថ្លៃ មានស្ថិរភាព និងមាន គុណភាពថែមទៀតផង»។

លោកបានបញ្ជាក់បន្ថែមទៀតថា ចំណែកការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋានប្រជាពលរដ្ឋវិញ តាមការប៉ាន់ ស្មានរបស់អ្នកសិក្សាថារហូតដល់ឆ្នាំ២០៣០ ទើបលំនៅដ្ឋាន៧០% អាចមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែពេលនេះ តាមស្ថិតិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ឃើញថានៅចុងឆ្នាំ២០១៧ លំនៅដ្ឋានដែលបានភ្ជាប់ចរន្ដអគ្គិសនី រួចរាល់មានចំនួន៦៨.៦៤%។

លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការតភ្ជាប់ ចរន្ដអគ្គិសនី ដល់អ្នកប្រើប្រាស់អគ្គិសនី គ្រប់ប្រភេទបាន២៥ម៉ឺនទីតាំងបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ធ្វើឲ្យទីតាំងដែលមានអគ្គិសនីប្រើប្រាស់សរុបកើនឡើងដល់ ២,៤០៩,៩០៧ទីតាំង។
លោក ស៊ុយ សែម បានថ្លែងបន្ដថា ក្នុងចំណោមទីតាំងទាំង២៥ម៉ឺននេះ មានលំនៅដ្ឋានចំនួន២,៣១៥,៩៣០កន្លែង មានទីតាំងអាជីវកម្ម ឧស្សាហកម្ម និងរដ្ឋបាល ៨៩,១០៨កន្លែង និងមានទីតាំងដែលជាស្ថាប័នរដ្ឋចំនួន៤,៨៦៩កន្លែង។

ជាមួយគ្នានោះ យោងតាមលទ្ធផលនៃការចុះអង្កេត របស់ក្រុមសិក្សាក្នុងក្របខណ្ឌ នៃគម្រោងវាយតម្លៃ ការផ្គត់ផ្គង់អគ្គិសនីកម្ពុជា របស់ធនាគារពិភពលោកនៅឆ្នាំ២០១៧ ថ្មីៗនេះក៏បានទស្សទាយថា មានលំនៅដ្ឋាន ចំនួន៧១.៥% បានទទួលការផ្គត់ផ្គង់អគ្គិសនីរួចហើយ ដូច្នេះប្រសិនបើគិតតាមលទ្ធផលនេះឃើញថា កម្ពុជាបានសម្រេចលទ្ធផល នៃការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋានអ្នកប្រើប្រាស់មុនគោដៅប៉ាន់ស្មាន របស់ក្រុមអ្នកសិក្សាដល់១៣ឆ្នាំ៕






No comments:

Post a Comment