Wednesday, January 24, 2018

ខេត្តសៀមរាប​ រៀបចំពិធី​បើកសន្និបាទ​បូកសរុបលទ្ធផល​ការងារឆ្នាំ២០១៧​ និងលើក​ទិសដៅឆ្នាំ២០១៨​

សៀមរាប៖ នៅថ្ងៃពុធ ០៨កើត ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការ សរុបចំនួន ៤១៧នាក់។

មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ នៃអណត្តិទី៥ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកអភិបាលខេត្តសៀមរាប បានបន្តថា ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។

លោកក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និងការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និងធម្មជាតិ និងជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង។ ស្របពេលនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខទេសចរណ៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម។ ក្នុងបរិការណ៍នេះ សន្និបាតខេត្តបានក្លាយជាយន្តការ ដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាពដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្បប្រមូលផ្តុំនូវទស្សនៈ បញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សារបស់អង្គសន្និបាត ក្នុងការស្វែងរកធាតុចូលជាគន្លឹះ សំខាន់ៗនូវបទពិសោធន៍ បញ្ហាប្រឈម និងការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកែលម្អ ទាំងគោលការណ៍និងការអនុវត្តជាដើម។

លើសពីនោះ លោក ឃឹម ប៊ុនសុង ក៏បានស្នើសុំឲ្យអង្គសន្និបាតទាំងមូល រកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើការងារអភិវឌ្ឍន៍ទីក្រុង និងទីប្រជុំជនស្រុក និងការងារដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងវិធានការទប់ស្កាត់ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការអនុវត្តគោលនយោបាយកំណែទម្រង់នៅថ្នាក់ក្រោមជាតិ និង ការផ្តល់សេវាសាធារណៈ៕







No comments:

Post a Comment