Tuesday, September 26, 2017

ថ្ងៃស្អែកក្រុមប្រឹក្សាធម្មនុញ្ញ នឹងធ្វើសន្និសីទបង្ហាញសមិទ្ធផល២៤ឆ្នាំ នៃការអនុវត្តន៍រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា

ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ខ្លួននឹងធ្វើសន្និសីទ បង្ហាញពីសមិទ្ធផលការងារនៃការអនុវត្តន៍រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ក្នុងរយៈពេល ២៤ឆ្នាំ កន្លងទៅនេះ ។

សន្និសីទនេះ នឹងធ្វើឡើងក្រោមអធិបភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
សូមបញ្ជាក់ថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ គឺជាគម្រប់ ២៤ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០១៧) នៃការកកើតឡើងវិញនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ បន្ទាប់ពីកម្ពុជាបានបញ្ចប់ ភ្លើងសង្រ្គាម ក្រោមកិច្ចស្វះស្វែងរកនូវការចរចា និងសុខសន្តិភាពពីសំណាក់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ នរោត្តម សីហនុ និង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

រដ្ឋធម្មនុញ្ញនៃកម្ពុជា ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបាន ប្រកាស ឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។

ឯកសារបង្ហាញថា គិតមកដល់ឆ្នាំ២០១៧នេះ មានវិសោធនកម្ម ៧លើក (ខែកក្កដា ឆ្នាំ១៩៩៤, ខែមីនា ឆ្នាំ១៩៩៩, ខែកក្កដា ឆ្នាំ២០០១, ខែមិថុនា ឆ្នាំ២០០៥, ខែមីនា ឆ្នាំ២០០៦, ខែកុម្ភៈ ឆ្នាំ២០០៨ និងខែតុលា ឆ្នាំ២០១៤) ត្រូវបានធ្វើ និងប្រកាសឱ្យប្រើប្រាស់ ។

ដោយឡែកច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឱ្យប្រើ ប្រាស់ដោយព្រះរាជក្រមលេខ នស/ រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា គឺមាត្រា ៦ ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ១៦ ជំពូក៖ ជំពូកទី១ អំពីអធិបតេយ្យ, ជំពូកទី២ អំពីព្រះមហាក្សត្រ, ជំពូកទី៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, ជំពូកទី៤ អំពីរបបនយោបាយ, ជំពូកទី៥ អំពីសេដ្ឋកិច្ច, ជំពូកទី៦ អំពីអប់រំ វប្បធម៌ និងសង្គមកិច្ច, ជំពូកទី៧ អំពីរដ្ឋសភា, ជំពូកទី៨ អំពីព្រឹទ្ធសភា, ជំពូកទី៩ អំពីសមាជរដ្ឋសភា និង ព្រឹទ្ធសភា, ជំពូកទី១១ អំពីអំណាចតុលាការ, ជំពូកទី១២ អំពីក្រុមប្រឹក្សាធម្មនុញ្ញ, ជំពូកទី១៣ អំពីការគ្រប់គ្រងរដ្ឋបាល, ជំពូកទី១៤ អំពីសមាជជាតិ, ជំពូកទី១៥ អំពីការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, ជំពូកទី១៦ អំពីអន្តរប្បញ្ញត្តិ ៕

No comments:

Post a Comment