Tuesday, September 26, 2017

សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បានរុះរើ​ជាង៦០%ហើយ​ ខណៈប្រតិបត្តិការរុះរើ​ បានដំណើរការ​ដោយរលូន​ និងគ្មានអំពើហិង្សា​

ក្រោយប្រតិបត្តិការរយៈពេល៣២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារចម្រុះ ដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរសម្រេចបានចំនួន៣៧៩ករណី ដែលស្មើនឹង៦៣%នៃសំណង់ខុសច្បាប់ដែលត្រូវរុះរើទាំងអស់។

យោងតាមរបាយការណ៍របស់ក្រុមការងារចម្រុះ ចេញនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា បានបញ្ជាក់ថា ក្រុងសៀមរាបមានសំណង់ខុសច្បាប់ដែលត្រូវរុះរើច្រើនជាងគេ គឺមានដល់ទៅ៤២៨ករណី ហើយទើបតែរុះរើបានចំនួន២១៤ករណីប៉ុណ្ណោះ។ ដោយឡែក ស្រុកប្រាសាទបាគង មានចំនួន៥៧ករណី រុះរើបានរួចរាល់៥៦ករណី ស្រុកអង្គរធំមានចំនួន៤២ករណី រុះរើសម្រេចបាន៣៤ករណី ស្រុកបន្ទាយស្រីមានចំនួន៧៤ករណី រុះរើសម្រេចបាន៧១ករណី និងស្រុកពួកមានចំនួន៤ករណី រុះរើបានសម្រេចទាំង៤ករណី។ សរុបសំណង់ខុសច្បាប់នៅសេសសល់ ដែលក្រុមការងារចម្រុះកំពុងតែបន្តរុះរើមានចំនួន២២៦ករណី។

តាមការបញ្ជាក់ពីគណៈកម្មការចម្រុះ ប្រតិបត្តិការរុះរើនេះបានដំណើរការដោយរលូន ដោយគ្មានអំពើហិង្សា ឬការប្រទូស្តរាយណាមួយកើតឡើងឡើយ។ ជាពិសេស ប្រជាពលរដ្ឋជាម្ចាស់សំណង់ភាគច្រើនបំផុត បានសហការជាមួយក្រុមការងារ ដោយបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ តាមរបាយការណ៍ដដែលនេះបញ្ជាក់ថា ក្នុងចំនួន៣៧៩ករណីដែលក្រុមការងារសម្រេចបាន ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើមានចំនួនដល់ទៅ៣៦៨ករណី មានតែចំនួន១១ករណីប៉ុណ្ណោះ ដែលម្ចាស់សំណង់រឹងរូសមិនព្រមសហការ ហើយក្រុមការងារសម្រេចរុះរើដោយខ្លួនឯង៕




No comments:

Post a Comment