Tuesday, September 26, 2017

ខេត្តកំពង់ឆ្នាំង​ ប្រារព្ធទិវា​មនុស្សចាស់កម្ពុជា ​និងទិវាមនុស្សចាស់​អន្តរជាតិ​ ថ្ងៃទី០១ ​ខែតុលា​ ឆ្នាំ២០១៧​

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា មនុស្សចាស់គឺបុព្វការីជនបង្កើតធនធានផ្តល់ចំណេះដឹងនិងបទពិសោធន៍ដ៏ច្រើនសំរាប់ក្មេងៗជំនាន់ក្រោយ ហើយក៏ជាអ្នកកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយអោយយល់ពីទំនៀមទម្លាប់ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍ ភូមិឃុំ ដូចជាការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ការជីកស្រះទឹក អណ្តូង ប្រឡាយទឹក ការដាំឈើ និងការផ្សះផ្សាវិវាទក្នុងគ្រួសារជាជាដើម។

អភិបាលខេត្តកំពង់ឆ្នាំងថ្លែងបែបនេះ ក្នុងពិធីប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសាលប្រជុំសាលានយោបាយខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ «សមាគមមនុស្សចាស់គឺជាយន្តការដ៏សំខាន់ក្នុងការចូលរួមបង្កើតសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌គ្រួសារ និងសង្គម» ដោយមានមនុស្សចាស់ជានិវត្តន៍ជន និងមនុស្សចាស់ក្រីក្រចូលរួមសរុបចំនួន៤៥០នាក់ ក្នុងនោះតំណាងមនុស្សចាស់ចំនួន ៨០នាក់ផងដែរ។

លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងអនុវត្តនូវតួនាទីនិងភារកិច្ចដែលជាអាទ៍រៀបចំគោលនយោបាយជាតិដើម្បីលើកស្ទួយសុខមាលភាពរបស់មនុស្សចាស់។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្តទៀតថា ការប្រារព្ធទិវាទាំង២ខាងលើនេះ គឺជាការរួមចំណែកផ្សព្វផ្សាយលើកកំពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ និងអំពីតូនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ
ទូន្មានប្រៀនប្រដៅកូនចៅអោយក្លាយជាពលរដ្ឋល្អ កូនចៅល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបានដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិអោយមានភាពរីកចំរើនលើគ្រប់វិស័យ។

ក្នុងពិធីនេះដែរ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង បានអានសារាចរនែនាំលេខ០៤សរ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជាអន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ចុះថ្ងទី២៤ ខែសីហា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល និងសាលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នាឱកាសនោះ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចែកអំណោយលើកទឹកចិត្តដល់មនុស្សចាស់ទាំងអស់ជាសមាជិកក្នុងអង្គពិធី ដែលបានចូលរួមចំនួន៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានឃីតមួយកញ្ចប់ មានអាវយឺត១ កន្សែងពោះគោ១ ម្យៅសាប៊ូ១ស្បោង ទឹកបរិសុទ្ធ១ដប និងថវិកា២ម៉ឺនរៀលផងដែរ៕





No comments:

Post a Comment