Tuesday, September 26, 2017

រដ្ឋមន្ត្រីក្រសួងការងារលើកឡើងថា ដើម្បីឱ្យការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានជោគជ័យ លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលឧបសម្ព័ន្ធ១ នៃប្រកាសលេខ ១៧៣ ក.ប/ ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវា ផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះ អាចដំណើរការទៅជោគជ័យបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អ និងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់។

លោក អ៊ិត សំហេង បានបន្ថែមថា ដោយឈរលើគោលការណ៍ និងការអនុវត្ត កន្លងមក តម្លៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាល ពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមដល់បុគ្គលិកសុខាភិបាល ដូច្នេះហើយបានជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួងលេខ ១៧៣ ក.ប/ ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាពដោយតំឡើងតម្លៃទូទាត់សេវាជូនមូលដ្ឋានសុខាភិបាលដើម្បីជំរុញឱ្យមូលដ្ឋានសុខាភិបាលទាំងអស់អាចមានលទ្ធភាពពេញលេញ និងរក្សាបានសេ្ថរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវា ជូនកម្មករនិយោជិតជាសមាជិកដែលបានប្រើប្រាស់សេវា ឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស លោក អ៊ិត សំហេង បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតរបស់ប.ស.ស និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឱ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់មេត្តារក្សាឥរិយាបទ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃដូចបានជម្រាបជូនខាងលើ ជាភិយ្យោភាពតរៀងទៅ ។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត ដែលមានកម្មករ និយោជិតប្រមាណ ៩១ម៉ឺនាក់។ ក្នុងនោះសហគ្រាស ដែលបានដាក់ឱ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស ។ ប.ស.ស បានបង្កភាពងាយស្រួលឱ្យកម្មករនិយោជិតទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាល នេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត។ មកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១.២៨៩ មូល ដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិ ០៤ មន្ទីរពេទ្យបង្អែកចំនួន ១០៥ មណ្ឌលសុខភាពចំនួន ១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះ សមាជិកទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់តាវកាលិកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន ១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះកម្មការិនីសម្រាលកូនទទួលបានពី បសស ៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន និង៥០ ភាគរយនៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរសរុបគឺចំនួន១២០%៕










No comments:

Post a Comment