Tuesday, September 26, 2017

អាជ្ញាធរជាតិអប្សរា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាអវកាស​សម្រាប់​បេតិកភណ្ឌវប្បធម៌​ និងធម្មជាតិ​ជាមួយមជ្ឈមណ្ឌល​ HIST នៃ​ប្រទេសចិន​

អាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ រយៈពេល៣ឆ្នាំ បន្តទៀតក្រោយពីអនុស្សរណៈឆ្នាំ២០១៣ បានផុតកំណត់។

ក្នុងជំនួបពិភាក្សានារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោក HONG TIANHAU អគ្គនាយករង និងជាអគ្គលេខាធិការនៃមជ្ឈមណ្ឌល HIST បានបង្ហាញអំពីការងារពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ដែលផ្តោតសំខាន់លើការស្រាវជ្រាវដោយបច្ចេកវិទ្យាអវកាស ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់គ្រឿងសម្ភារៈក្នុងកន្លែងការងារ និងការរៀបចំក្រុមមនុស្សធ្វើការរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងចិន។

លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងជំនួបពិភាក្សានេះថា អាជ្ញាធរជាតិអប្សរា រីករាយនឹងបន្តកិច្ចសហប្រតិបត្តិការដែលប្រកបដោយផ្លែផ្កានេះ ជាពិសេសក្នុងកិច្ចព្រមព្រៀងថ្មីនេះ លោកបានស្នើឲ្យភាគីចិនជួយរៀបចំវគ្គបណ្តុះបណ្តាលដោយឈរលើការអនុវត្តជាក់ស្តែង ដែលរៀបចំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃអាជ្ញាធរជាតិអប្សរាផ្ទាល់ ដើម្បីមិនត្រឹមតែមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាទទួលបានការបណ្តុះបណ្តាលប៉ុណ្ណោះទេ តែក៏អនុញ្ញាតឲ្យមន្ត្រីជំនាញកម្ពុជា ផ្នែកអភិរក្សទាំងនៅអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុកឲ្យចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ។

លើសពីនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពរៀបចំកិច្ចប្រជុំអន្តរជាតិលើជំនាញបច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្សនៅចុងឆ្នាំ២០១៨ ដែលមានអ្នកជំនាញមកពីចំនួន២០ប្រទេស។ កិច្ចប្រជុំអន្តរជាតិបែបនេះធ្លាប់បានរៀបចំរួចមកហើយនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៦ រីឯចុងឆ្នាំ២០១៧នេះ នឹងរៀបចំនៅទីក្រុងហុងកុង។

សូមបញ្ជាក់ថា បច្ចេកវិទ្យាអវកាស(Remote Sensing) គឺជាបច្ចេកវិទ្យាផ្កាយរណប ដែលអាចឲ្យយើងដឹងពីបម្រែបម្រួលក្នុងតំបន់អង្គរប្រចាំ។ បច្ចេកវិទ្យានេះប្រើប្រាស់ដើម្បីគ្រប់គ្រងទឹក ព្រៃឈើ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈបច្ចេកវិទ្យានេះ យើងបានទទួលព័ត៌មានរៀងរាល់៤ថ្ងៃម្តងអំពីបម្រែបម្រួលក្នុងតំបន់អង្គរ។

អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ជាមួយមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប-អង្គរ៕




No comments:

Post a Comment