Tuesday, September 26, 2017

អាជ្ញាធរជាតិអប្សរា ពិភាក្សាជាមួយគ្រឹះស្ថានសិក្សា​​នៃប្រទេសចិន​ ដើម្បីរៀបចំ​បង្កើតជារូបភាព3D​ នៃប្រាសាទ​ក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ​

សៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ស៊ុ ម៉ាប់ បានអនុញ្ញាតឲ្យប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវ GZPI (Guangzhou Urban Planning & Design Survey Research Institute) និងសាកលវិទ្យាល័យTONGJI នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបពិភាក្សាការងារ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។

ខ្លឹមសារនៃកិច្ចពិភាក្សានេះ គឺផ្តោតសំខាន់លើការបង្កើតកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានសិក្សាខាងលើ ដើម្បីថតរូបភាពបង្កើតជារូបភាព3D នៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរនាពេលខាងមុខ។

យោងតាមបទបង្ហាញសង្ខេបដែលធ្វើឡើងដោយតំណាងប្រតិភូ រូបភាព3Dនេះ នឹងរួមចំណែកលើការទាក់ទាញភ្ញៀវទេសចរបរទេសចិនកាន់តែច្រើនមកកាន់កម្ពុជា ហើយរូបភាពនេះក៏ជាឯកសារសម្រាប់ការងារអភិរក្សជួសជុលប្រាសាទនាពេលក្រោយៗទៀត ជាពិសេស កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យានេះដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាផងដែរ។

លោកអគ្គនាយក បានបង្ហាញជំហរគាំទ្រចំពោះការបង្កើតកិច្ចសហប្រតិបត្តិការនេះ និងជំរុញឲ្យគម្រោងនេះផ្តោតសំខាន់លើការកសាងឯកសារ ដើម្បីងាយស្រួលសម្រាប់ការងារអភិរក្សជួសជុល ជាជាងគ្រាន់តែដើម្បីទាក់ទាញទេសចរ។ លើសពីនេះ លោកក៏បានស្នើឲ្យភាគីចិនរៀបចំឯកសារផ្លូវការជាលម្អិត ដើម្បីដាក់ឆ្លងគណៈកម្មាធិការ ICC-Angkor ក្នុងកិច្ចប្រជុំពេញអង្គនាខែធ្នូខាងមុខ ដើម្បីឲ្យគណៈកម្មាធិការនេះបានពិនិត្យ និងអនុម័ត៕




No comments:

Post a Comment