Tuesday, September 26, 2017

ខេត្តស្វាយរៀង បើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ

ស្វាយរៀង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវអនុក្រឹត្យ និងលិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
មានប្រសាសន៍បើកសិក្ខាសាលាក្នុងឱកាសនោះ លោកអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ជូនថា ការដាក់ចេញឱ្យអនុវត្តនូវ អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃយន្តការទាំងពីរនេះ ឱ្យបានកាន់តែទូលំទូលាយ គ្របដណ្ដប់នៅគ្រប់ថ្នាក់រដ្ឋបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។ ជាមួយគ្នានេះ ការបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយគឺដើម្បី ឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលចេះតែមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិ។ លោកបន្តថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរក្នុងការបម្រើប្រជាពលរដ្ឋ គឺស្របទៅនិងបរិបទនៃសាកលភាវូបនីយកម្ម និងសមាហរណកម្មអាស៊ាន ដែលទាមទារឱ្យមានការកែលម្អ និងលើកកម្ពស់គុណភាពសេវាសាធារណៈ ឱ្យកាន់តែមានភាពឆ្លើយតប មានគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

នៅចុងបញ្ចប់ លោក ម៉ែន វិបុល បានផ្ដាំផ្ញើដល់សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល យកចិត្តទុកដាក់ស្ដាប់ និងចូលរួមបញ្ចេញមតិយោបល់ឱ្យបានផុលផុសទៅលើបទបង្ហាញអំពីខ្លឹមសារ និងគោលការណ៍សំខាន់ៗមួយចំនួន នៃការបង្កើតយន្តការច្រកចេញចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីជាធាតុចូលសម្រាប់ដំណើរការរៀបចំយន្តការទាំងពីរនេះ នៅថ្ងៃខាងមុខឱ្យប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធ ភាព។ ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យ នៃគោលនយោបាយផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ៕


No comments:

Post a Comment