Tuesday, September 26, 2017

សាលាឧទ្ធរណ៍ សម្រេចឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសា​លាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធបណ្តឹងឧទ្ធរ​ណ៍ប្រឆាំង នឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះមេធាវីរបស់ជនត្រូវចោទ ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនរបស់ជនត្រូវចោទប៉ុន្តែបែរជាធ្វើពហិការដើរចេញ មិនបាននៅលើកពីមូលហេតុនៃបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅក្នុងបន្ទប់សវនាការទៅវិញ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍បានបញ្ជាក់ទៀតថា ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិ របស់ជនត្រូវចោទរបស់ ក្រុមមេធាវីការពារ លោក កឹម សុខា ជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើងយ។ សូមបញ្ជាក់ថា សំណុំរឿងនេះ គឺជាសំណុំរឿងមុខអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនជាប់ចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។ សាលាឧទ្ធរណ៍បញ្ជាក់ថា «នៅក្នុងដំណាក់កាលស៊ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌរប​ស់ក្រុមមេធាវីការពារឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារ ឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរណាស់ ព្រោះមាត្រានេះចែក មានអត្ថន័យទាក់ទងនឹងជនជាប់ចោទដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ»។

សូមជម្រាបថា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា ​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ដដែល​ ៕






No comments:

Post a Comment