Friday, September 29, 2017

ក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំលើកទី១ស្តីពីសារធាតុបារ៉ត នៅប្រទេសស្វីស

នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធស្វីស និងអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំលើកទី១នៃបណ្តាប្រទេសភាគីហត្ថលេខីអនុសញ្ញាទីក្រុងមីណាម៉ាតាស្តីពីសារធាតុបារ៉ត (COP1) ក្រោមអធិបតីភាពលោកស្រីប្រធានាធិបតីសហព័ន្ធស្វីស។

កិច្ចប្រជុំនេះរៀបចំដោយអង្គការ UNEP ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានវត្តមានរដ្ឋមន្ត្រីមកពី៨០ប្រទេស ក្នុងចំណោមប្រទេស ចំនួន១៧៦ ដែលបានចូលរួម។ បន្ទាប់កម្មវិធីបើកផ្លូវការ លោក អ៊ាង សុផល្លែត និងប្រតិភូបានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីដែលផ្តោតទៅលើការបំពុលរបស់បារ៉តសាយភាយ ទៅក្នុងខ្យល់ ទឹក និងក្នុងដី ហើយត្រូវមានវិធានការទប់ស្កាត់បែបណាដើម្បីកុំឱ្យមានសោធនាដកម្មពី សារធាតុបារ៉តទាំងទិដ្ឋភាពនយោបាយរួមទាំងបច្ចេកទេស។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ លោកប្រធានប្រតិភូក្រសួងបរិស្ថាន បានលើកអំពីបញ្ហាបច្ចេកវិទ្យាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការគ្រប់គ្រង់សំណល់បារ៉តក៏ដូចជាការដកបារ៉តពីតំបន់ដែលរងការបំពុល និងការគ្រប់គ្រងបារ៉តដែលបានដកចេញពីសំណល់។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ដើម្បីសម្រេចបានជោគជ័យត្រូវមានការទទួលខុសត្រូវដោយមាន ការចូលរួមកម្រិតអន្តរជាតិ ជាតិ និងពីបុគ្គលម្នាក់ៗផងដែរ៕





No comments:

Post a Comment