Friday, September 29, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តតំណែងយ៉ាងតិច២អាណត្តិទៀតដើម្បីថែរក្សាសន្តិភាពនិងការអភិវឌ្ឍចៀសឆ្ងាយពីបដិវត្តន៍ពណ៌

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងបន្ត២អាណត្តិទៀតយ៉ាងតិចដើម្បីរក្សាប្រទេសកម្ពុជាឱ្យមានសន្តិភាព និងការអភិវឌ្ឍចៀ​ស​​ឆ្ងាយពីបដិវត្តន៍ពណ៌។ លោក បានថ្លែងដូចនេះក្នុងឱកាសពិធីសំ​ណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលនៅពេលថ្មីៗនេះ ព្រឹ​ទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វុគុអូកា» ឆ្នាំ២​០​១៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកមិនឱ្យអ្នកណាមកបំផ្លាញទឹកដីកម្ពុជាដ៏កំសត់នេះបានទេ ដូចនេះវត្តមានរបស់លោកគឺជាវត្តមានចាំបាច់បំផុតដើម្បីរក្សាប្រទេសកម្ពុជាឱ្យស្ថិតក្នុងស្ថានភាពមានសន្តិភាព ចៀសឆ្ងាយពីបដិវត្តន៍ពណ៌ ពីការបំផ្លាញដោយអំពើក្បត់ណាមួយដែលយើងមិនអាចទទួលយកបាន។

លោក ហ៊ុន​ សែន បានបន្ថែមថា លោករីករាយណាស់ដែលបានចូលរួមចំណែកជាមួយមេដឹកនាំកម្ពុជាគ្រប់រូបតាំងពីដំណាក់កាលដំបូង នាទីដំបូងរហូតមកដល់ពេលនេះ។ លោក ថ្លែងថាបើយើងរក្សាបាននូវសន្តិភាព គឺយើងនឹងរក្សាបាននូវការអភិវឌ្ឍ រក្សាបាននូវអ្វីៗដែលយើងប្រឹងរួមគ្នាកសាងតាំងពីបាតដៃទទេរហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ ហើយលោកមិនព្រមដាច់ខាតជាមួយនឹងការបំផ្លាញម្តងហើយម្តងទៀតមកលើប្រទេសកម្ពុជា ទម្រាំបានមកដល់ពេលនេះគឺលំបាកខ្លាំងណាស់។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាម និងការទម្លាក់គ្រាប់បែកជិត ៣លានតោនពីសំណាក់សហរដ្ឋអាមេរិកដែលគាំទ្រលោកសេនាប្រមុខ លន់ ណុល ផ្តួលរំលំសម្តេចព្រះនរោត្តម សីហ​នុ ដែលបានធ្វើឱ្យប្រទេសជាតិខ្ទេចខ្ទាំ បែកបាក់ និងប្រជាពលរដ្ឋកំពុងរងគ្រោះពីឥទ្ធិពលនៃគ្រាប់បែកគីមីទាំងនោះផងដែរ៕








No comments:

Post a Comment