Friday, September 29, 2017

អាជ្ញាធរមីនដឹកនាំមន្ត្រីជំនាញ ចុះវាយតម្លៃផលប៉ះពាល់ នៅទីតាំងគ្រាប់បែកគីមីដែលអាមេរិកទម្លាក់ នៅខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អាជ្ញាធរមីនកម្ពុជា បានដឹកនាំមន្ត្រីជំនាញរបស់អាជ្ញាធរមីន មន្ត្រីជំនាញរបស់អាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងមន្ត្រីជំនាញស៊ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីសិក្សាវាយតម្លៃផលប៉ះពាល់ នៅទីតាំងដែលមានគ្រាប់បែកគីមីរបស់អាមេរិក ដែលទម្លាក់លើទឹកដីខ្មែរ នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ការពិនិត្យសិក្សាវាយតម្លៃផលប៉ះពាល់ នៅទីតាំងគ្រាប់បែកគីមីនេះ ដឹកនាំដោយលោក សេរី កុសល អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា។

ការចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះ សង្ឃ នៅជុំវិញតំបន់នោះសម្តែងក្តីព្រួយបារម្ភ និងភ័យខ្លាចចំពោះគ្រាប់បែកគីមីនេះ និងបន្ទាប់ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចឱ្យប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

សូមជម្រាបថា នៅខែមករា ឆ្នាំ២០១៧ គ្រាប់បែកគីមីទំលាក់ពីយន្តហោះសហរដ្ឋអាមេរិក ដែលទំលាក់នៅ ទីតាំងវត្ត និងសាលារៀន សិ្ថតភូមិគគីរ ឃុំគគីរ ស្រុករមាសហែកខេត្តស្វាយរៀង ត្រូវបានមន្ត្រីជំនាញ របស់ ស៊ីម៉ាក់ រកឃើញចំនួន២គ្រាប់។ គ្រាប់បែកគីមីនេះ គឺប្រភេទ Chlorobenzalmalononitrile (CS) មានទម្ងន់ ប្រមាណជាង ២០០គីឡូក្រាមក្នុងមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋ កប់ចោលកាលពីខែកុម្ភៈ ឆ្នាំ១៩៧០។ ភ្លាមៗបន្ទាប់រកឃើញគ្រាប់បែកគីមីនោះ មន្ត្រីជំនាញស៊ីម៉ាក់បានចុះពិនិត្យទីតាំង ដោយធ្វើការហ៊ុព័ទ្ធទី តាំងគ្រាប់បែកទាំង២នោះ មិនឱ្យប្រជាពលរដ្ឋទៅជិត ឬប៉ះពាល់ឡើយ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ អាមេរិក បានទម្លាក់គ្រាប់បែកជិត ៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរប្រមាណជាកន្លះលាននាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ ត្រូវបានស្លាប់ ដោយសារជំងឺ ហើយប្រជាពលរដ្ឋខ្មែររាប់លាន នាក់ ទៀត ត្រូវនិរាស្រ្តព្រាត់ប្រាស់ពីផ្ទះសម្បែង។ ជាពិសេសគ្រាប់បែកគីមីរបស់អាមេរិក នៅតែបន្តធ្វើឱ្យ ប្រជា ពលរដ្ឋខ្មែររងគ្រោះដល់ពេលបច្ចុប្បន្ន ដែលក្នុងនោះកុមារខ្មែរមួយចំនួន ត្រូវជួបពិការភាពតាំង ពីកំណើត ព្រោះសារធាតុគីមីនេះ ៕








No comments:

Post a Comment