Friday, September 29, 2017

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅទីស្តីការក្រសួងពាណិ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកស្រី Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំនៅកម្ពុជា និងថៃ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៧ ដោយផ្តោតសំខាន់ទៅលើលទ្ធភាពនៃការចុះហត្ថលេខាចំនួន០២ រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកស្រីSheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស មកកាន់ប្រទេសកម្ពុជានាពេលខាងមុខនេះ ដែលរួមមាន៖
១-អនុស្សរណៈយោគយល់គ្នា ស្តីពីបែបបទសម្រាប់រៀបចំក្រុមប្រឹក្សាពាណិជ្ជកម្មរួម (MOU on the Modalities of the Joint Trade Council)
២-បន្តសុពលភាពលើកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០០៦ ដែលបានផុតកំណត់កាលពីឆ្នាំ២០១៦។
ទន្ទឹមនឹងនេះ លោកស្រីបានស្នើសុំឲ្យក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ លើសពីនេះទៀតសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ នៅចំពោះមុខនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។

ឆ្លើយតបនឹងសំណើរបស់លោកស្រីឯកអគ្គរដ្ឋទូតបង់ក្លាដេស និងលោក ប៉ាន សូរស័ក្តិ បានសន្យាថា នឹងជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ ជាមួយគ្នានេះដែរ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលយល់ព្រមទិញអង្ករកម្ពុជាចំនួន ០១លានតោន ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២៕



No comments:

Post a Comment