Friday, September 29, 2017

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណៈភាពរបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណៈភាពរបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាបិតាស្ថាបត្យករខែ្មរដ៏ល្បីល្បាញ ។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់ លោកស្រី ដែលបានផ្ញើជូនលោកស្រី វណ្ណ អំបែ្យហេ្សទ្រូដ ( Vann Amber Gertrude ) ដែលត្រូវជាភរិយារបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានគូសបញ្ជាក់ថា មរណៈភាពរបស់ ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ គឺជាការបាត់បង់ស្ថាបត្យករខ្មែរជើងចាស់ដ៏ឆ្នើមល្បីល្បាញបំផុតរបស់កម្ពុជា ដែលបានបន្សល់ទុក្ខនូវស្នាដៃស្ថាបត្យកម្មដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់ គ្នាចងចាំជានិច្ច ។

សារលិខិតរំលែកទុក្ខបានសរសេរបញ្ជាក់ទៀតថា ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវសមានទុក្ខសោកស្ដាយអាឡោះអាល័យយ៉ាងក្រៃលែង និងក្ដីសង្វេករកទីបំផុតគ្មានជាមួយ លោកស្រី បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ដែលបានបាត់បង់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ ។ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ចន្ធ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

No comments:

Post a Comment