Friday, September 29, 2017

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាក់ថា វឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីប្រទេសចិន

ក្នុងពិធីអបអរសាទរខួប ៦៨ឆ្នាំ (១៩៤៩-២០១៧) ថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ដែលប្រារព្ធ ធ្វើឡើង យ៉ាងមហោឡារិកនៅក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជា បានលើកសរសើរយ៉ាងខ្លាំងពីតួនាទីរបស់ចិន សម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

នៅចំពោះមុខឯកអគ្គរដ្ឋទូត មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន ឯកអគ្គរដ្ឋទូតរបស់បណ្តាប្រទេស នានាដែលមានវត្ត មាននៅក្នុងប្រទេសកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀតនោះ លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់ វិស័យនាពេលបច្ចុប្បន្ន នេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនចិននោះឡើយ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំអាចបញ្ជាក់បានថា ការអភិវឌ្ឍន៍កម្ពុជា សព្វថ្ងៃលើគ្រប់វិស័យ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនចិន»។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភកម្ពុជាលើគ្រប់វិស័យ ដែលធ្វើឱ្យកម្ពុជាបានឆ្លងផុត ពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលសព្វថ្ងៃមានចំនួន ១៤០២ដុល្លារ ហើយនឹងឈានទៅមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

ក្នុងសុន្ទរកថាអបអរសាទរខួបលើកទី ៦៨ឆ្នាំថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានលើកបង្ហាញពីវឌ្ឍនភាពនៃចំណងទំនាក់ទំនងចាក់ទឹកមិនលិចរវាងកម្ពុជា-ចិនផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅទំនាក់ទំនងកម្ពុជា-ចិន លើគ្រប់ វិស័យ បានបោះជំហានទៅមុខជាវិជ្ជាមានគួរជាទីកត់សម្គាល់ ដែលនាំឱ្យថ្នាក់ដឹកនាំកំពូល និងប្រជាជន នៃ ប្រទេសទាំងពីរកាន់តែស្គាល់គ្នា កាន់តែជឿទុកចិត្តគ្នា ជួយគ្នាទៅវិញទៅមក និងកាន់តែរាប់អានគ្នាខ្លាំងឡើង។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានបង្ហាញពីសមិទ្ធផលមួយចំនួនកើតចេញ ពីទំនាក់ទំនង ដ៏ស្អិត ល្មួតនៃប្រទេសទាំងពីរផងដែរ។ សមិទ្ធផលទាំងនោះរួមមាន៖ ទំហំពាណិជ្ជទ្វេភាគី មានជាង ៤ពាន់លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ហើយរំពឹងថា នឹងកើនដល់ ៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ និងឈានទៅ សម្រេចបាន ៦ពាន់លានដុល្លារនៅឆ្នាំ២០២០។

នៅឆ្នាំ២០១៧ ចិនជួយទិញអង្ករពីកម្ពុជា ២០ម៉ឺនតោន ហើយនៅឆ្នាំ២០១៨ ចិននឹងទិញ ៣០ម៉ឺនតោនទៀត ខណៈដែលកម្ពុជា កំពុងរកទីផ្សារសម្រាប់អង្ករកម្ពុជា ដែលមានចំនួនកាន់តែច្រើនឡើង។ វិនិយោគចិននៅកម្ពុជា ឈរលំដាប់លេខក្នុងឆ្នាំ២០១៦ មានប្រមាណ ១១ពាន់លានដុល្លារអាមេរិក លើវិស័យ កសិកម្ម ឧស្សាហកម្ម ឋាមពល សេវាកម្ម សំណង់ និងវិស័យផ្សេងៗទៀត ជាពិសេសក្នុងការកសាងផ្លូវថ្មី និងស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងវារីកអគ្គសិនីជាច្រើន ដែលនាំឱ្យតម្លៃ អគ្គិសនីនៅកម្ពុជាចុះថោក ៕
















No comments:

Post a Comment