Friday, September 29, 2017

លោក សុខ ឥសាន បញ្ជាក់ច្បាស់ពីមូលហេតុដែលបក្សប្រឆាំងនិងសង្គមស៊ីវិលមួយចំនួនតូចរងហានិភ័យ

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីមូលហេតុនានាដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនតូចជួបប្រទះនឹងហានិភ័យជាបន្តបន្ទាប់ និងក៏ជាការឆ្លើយតបទៅនឹងលោកស្រី រ៉ូណា ស្មីត ផងដែរ។

លោក សុខ ឥសាន បានបញ្ជាក់ថាមូលហេតុមួយ គឺដោយសារការឈ្លក់វង្វេងនឹងប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដាច់បង្ហៀរ ទើបមេបក្សប្រឆាំង និងមន្ត្រីជានខ្ពស់មួយចំនួននៃបក្សប្រឆាំង មិនញញើតច្បាប់ បានប្រព្រឹត្តល្មើសច្បាប់ រំលោភច្បាប់ និងបំពានច្បាប់។ បាតុភាពកើតឡើងនេះ គ្មានអ្នកណាគម្រាមកំហែង គាបសង្កត់ ឬបង្ខិតបង្ខំឡើយពោលគឺកើតឡើងពីទង្វើរបស់ខ្លួនម្នាក់ៗផ្ទាល់ហើយមានតែខ្លួនឯងទេដែលត្រូវតែទទូលខុសត្រូវដោយផ្ទាល់។

លោក សុខ ឥសាន ក៏បានបន្ថែមថា ចំណែកអង្គការសង្គមស៊ីវិលមួយចំនួនតូច ប្រមាណ ១ ភាគរយប៉ុណ្ណោះមានគោលជំហរនិងភារកិច្ចលំអៀងទៅរកបក្សប្រឆាំង និងស៊ីឈ្នួលបម្រើមហិច្ឆតាពីខាងក្រៅ ហ៊ានប្រព្រឹត្តល្មើសតួនាទីរបស់ខ្លួនយ៉ាងងងើលមិនខ្លាចក្រែងច្បាប់ហើយម៉្យាងទៀតអាចជាចារកម្មបរទេសផងទើបដាក់ចិត្តប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយធ្វើខ្លួនដូចជាស្រឡាញ់ជាតិ លើសខ្មែរទៅទៀត តែធាតុពិតជាការធ្វើសកម្មភាពបម្រើឧបាយកលជនបរទេសសោះ ដែលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ដោយឡែកពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា វិញលោក សុខ ឥសាន បានបញ្ជាក់ថា ការចាប់ខ្លួននេះ គឺផ្អែកលើសាក្សីនិងភ័ស្តុតាងជាក់ស្តែង ដែលលោក កឹម សុខាបានលាតត្រដាងច្បាស់លាស់ពីសកម្មភាពរបស់ខ្លួនតាមផែនការរបស់ប្រទេសមហាអំណាចមួយ ដែលបានលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា រៀបចំផែនការ គម្រោង និងផែនការសកម្មភាពឱ្យលោក កឹម សុខា អនុវត្តតាំងពីឆ្នាំ១៩៩៣ ជាប់គ្នាហូរហែរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀតលុះត្រាតែផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាតាមផែនការបានស​ម្រេចទើបចប់។ នេះជាអំពើនិងបទល្មើសធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត  នៅប្រទេសណាដូចប្រទេសណាដែរមិនថាតែនៅកម្ពុជានោះទេ។ ការមានវិធានការណ៍ផ្លូវច្បាប់ចំពោះអ្នករំលោភច្បាប់គឺជាការធម្មតាសម្រាប់ប្រទេសនីតិរដ្ឋដើម្បីដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដែលជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការបោះឆ្នោតមួយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើគ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោត ក៏នៅមានគណបក្សច្រើនទៀតចូលរួម ដែលនោះហើយចាប្រជាធិបតេយ្យសេរីពហុបក្សនោះហើយប្រទេសកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់បក្សប្រឆាំងមួយណានោះទេ។

លោក សុខ ឥសាន ក៏បានបន្ថែមថា ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មានវិញកុំនិយាយថារាជរដ្ឋាភិបាលបិទសិទ្ធិកាសែត Cambodia Daily ពោលគឺគ្រាន់តែបង់ពន្ធចូលរដ្ឋគ្រប់ចំនួនទៅ នោះ​នឹងបានដំណើរការវិញហើយ។ តែបើនៅរឹងទទឹងនោះនឹងត្រូវរងការអនុវត្តច្បាប់ហើយកុំប្រើពាក្យសម្តីថាគេគាបសង្កត់ទៀត។ ការប្រើវោហារស័ព្ទខ្លាំងៗរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មិនបានស្មើនឹងពាក្យជេរប្រមាថរបស់មន្ត្រីបក្សប្រឆាំងផងម៉្តេចថាជាហឹង្សា? វាគ្រាន់តែជាពាក្យទប់ស្កាត់កុំឱ្យកើតអំពើហឹង្សាទេតើ ម្តេចថាខុស បើបក្សប្រឆាំងប្រព្រឹត្តរហូតបទល្មើសក្បត់ជាតិផងម្តេចមិនថាជាកំហុសផង? តើអង្គការសិទ្ធិមនុស្សលំអៀងឬអត់? តើសិទ្ធិមនុស្សដែលកាន់ជើងមនុស្សខូចជាសិទ្ធិមនុស្សបែបណាដែរ?


No comments:

Post a Comment