Monday, July 17, 2017

ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖ មូលហេតុដែលធ្វើឲ្យមានការថយចុះ​បញ្ហាបាតុកម្ម​ និងកូដកម្ម​តាមបណ្តា​រោងចក្រនានា​ គឺដោយសារ​កត្តា​គួបផ្សំ​មួយចំនួន​

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាភិបាលសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) លោក សោម អូន បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យមានការថយចុះបញ្ហាបាតុកម្ម និងកូដកម្មតាមបណ្តារោងចក្រនានា គឺដោយសារកត្តាគួបផ្សំមួយចំនួន រួមមាន៖ ទី១- សហជីពមានភាពចាស់ទុំ និងចូលរួមអនុវត្តច្បាប់ ជាពិសេសទំនាក់ទំនងវិជ្ជាជីវៈ រវាងក្រុមសហជីពជាមួយ នឹងថៅកែចូលរួមដោះស្រាយ បញ្ហាជូនកម្មករតាមនីតិវិធីបានល្អប្រសើរ និងទាន់ពេលវេលា ទី២- និយោជកគោរពច្បាប់កាន់ប្រសើរជាងមុន និងទី៣- ការអនុវត្តច្បាប់ស្តីពីសហជីព ដែលធ្វើឲ្យភាគីពាក់ព័ន្ធ រវាងក្រុមសហជីព និយោជក និងនិយោជិត កាន់តែយល់ដឹងប្រសើរជាងមុន។
លោក ឡុង សុផាត ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានប្តេជ្ញាបន្តចូលរួមអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកបម្រើផលប្រយោជន៍ និងសិទ្ធិសេរីភាពជូនទាំងភាគីនិយោជក និងភាគីនិយោជិត ដែលកំពុងមានវត្តមានការវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជា។
លោក ឡុង សុផាត ក៏សូមអំពាវនាវដល់ក្រុមសហជីពមួយចំនួនតូច ដែលតែងយកមុខងារជាសហជីព ដើម្បីបម្រើដល់នយោបាយ និងផលប្រយោជន៍បុគ្គលនោះ សូមបញ្ឈប់សកម្មភាពបែបនេះទៅ ហើយងាកមកចូលរួមអនុវត្តច្បាប់ និងឈរលើគោលការណ៍បម្រើ ផលប្រយោជន៍ជូនកម្មករទាំងអស់គ្នា ព្រោះថាការចូលរួមជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនកម្មករ និងរក្សាឲ្យបាន អ្នកវិនិយោគ។

លោកបានបន្ថែមថា ពិតជាក់ច្បាស់ណាស់ បើក្រុមសហជីពកៀងគរ ក្រុមកម្មករឲ្យដើរលើផ្លូវខុសនោះ ពួកគាត់នឹងជួបនូវការអន្តរាយផ្នែកសេដ្ឋកិច្ច ជីវភាពប្រចាំថ្ងៃក៏ដូចទៅថ្ងៃអនាគត។ ប៉ុន្តែបើក្រុមសហជីពនាំពួកគាត់ ដើរនៅលើផ្លូវត្រូវនោះពិតប្រាកដណាស់កម្មករទាំងនោះ ត្រូវតែទទួលបាននូវអត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ចដែលអាចធ្វើឲ្យពួកគាត់មាន ជីវភាពកាន់តែប្រសើរឡើង៕




No comments:

Post a Comment