Monday, July 17, 2017

កម្ពុជា វៀត​ណាម នឹងចុះ​ហត្ថលេខាលើ​សេចក្តីថ្លែង​ការណ៍រួម ស្តីពីកា​រពង្រឹង​មិត្តភាព និងកិ​ច្ចសហ​ប្រតិបត្តិការ​

លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងអញ្ជើញ ជាអធិបតីក្នុង ពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង វៀតណាមផងដែរ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៧ បានឱ្យដឹងថា លោក ង្វៀន ហ៊្វូជុង នឹងមក ទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ ថ្ងៃនៅសប្តាហ៍ក្រោយ  តបតាមការអញ្ជើញរបស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។
សេចក្តីជូនព័ត៌មានបានឱ្យបន្តថា ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។ លោក ង្វៀន ក៏នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេច ព្រះ មហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។ លោក ង្វៀន ហ៊្វូជុង ក៏នឹងជួបដាច់ដោយឡែក ជាមួយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏នឹងជួបសំណេះ សំណាល ជា មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្នុងដំណើរទស្សនកិច្ច នេះ លោក ង្វៀន ហ៊្វូជុង និងលោក សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅ ខេត្តព្រះ សីហនុ ផង ដែរ៕


No comments:

Post a Comment