Monday, July 17, 2017

តើជប៉ុន​ជាមហាអំណាច​ ឬប្រទេស​មានអំណាច​មធ្យម?​

ក្នុង​ខណៈ​ដែល​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅតែ​បន្ត​​​បង្កើត​ភាព​ចម្រូង​ចម្រាស់​លើ​តួនាទី​ពិភព​លោក​របស់​អាមេរិកនោះ បណ្តាប្រទេស​អាស៊ី​ត្រូវ​តែ​ចាប់​ដៃគ្នា។ មិន​យូរ​ មិន​ឆាប់ គោល​នយោ​បាយ “ផល​ប្រយោជន៍​អាមេរិក​ជា​មុន​សិន​” របស់​គាត់​​នឹង​ប៉ះពាល់​ដល់​អាមេរិក​យ៉ាង​ខ្លាំង។ ជា​រួម​ទៅ ការ​ផ្តោត​របស់​ ត្រាំ គឺ​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។

ដោយ​សារតែ​ភាព​ផុយ​ស្រួយ​​នាពេល​បច្ចុប្បន្ន​នៅលើឆាក​អន្តរជាតិ ប្រទេស​ធំៗនៅ​អាស៊ី ត្រូវ​តែ​មូល​មតិគ្នា​ថា អាមេរិក​ប្រហែល​ជា​មិន​ចង់​បំពេញ​តាម​តួនាទី​របស់ខ្លួន​ទេ ដោយ​ធ្វើ​មិន​ដឹង​​ដល់​អាស៊ី​ដោយ​មូល​ហេតុ​មិន​នឹក​ស្មាន​ដល់។

ការ​ស្ទង់​មតិ​ចុងក្រោយ​ដោយ​ Pew Research Center បាន​រក​ឃើញ​ថា កេរ្តិ៍ឈ្មោះ​របស់អាមេរិកបានធ្លាក់​ចុះយ៉ាង​ខ្លាំង​នៅ​ជុំវិញពិភព​លោក ជាមួយនឹងអត្រាគាំទ្រធ្លាក់ចុះពី ៦៤​ភាគរយ​ក្នុង​អំឡុង​រដ្ឋការ​របស់​ អូបាម៉ា មក​ចំនួន​ ៤៩ ភាគ​រយ​ស្ថិត​ក្រោយ​រដ្ឋការ លោក ត្រាំ។ មិន​មាន​ទំនុក​ចិត្ត​ដែលថា អាមេរិក​នឹង​ធ្វើ​អ្វី​ៗល្អ​អំពីកិច្ច​ការ​ពិភព​លោក​ទេ។​

មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេថា ជប៉ុន ដែល​មាន​សេដ្ឋកិច្ច​ទីបី របស់​ពិភព​លោក​នោះ ឥឡូវ​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​លទ្ធផល​​បែបនេះ។ ដោយ​សារតែ​ខ្លួន​ជា​សម្ព័ន្ធ​មិត្ត​ដែល​ពឹង​ផ្អែក​បំផុត​លើ​អាមេរិក​នោះ ហានិភ័យ​នោះ​ខ្ពស់​ណាស់​សម្រាប់​ជប៉ុន។ ទោះបីជា​វា​យ៉ាង​ណាក៏​ដោយ លទ្ធផល​នោះ​ក៏​​នឹង​ប៉ះពាល់​ដល់​ជប៉ុន​យ៉ាង​ខ្លាំង​ ​និង​តំបន់​ទាំង​មូល។

ដូច្នេះ ​ទីក្រុង​តូក្យូ​​មាន​ការ​ឈោង​ចាប់​ប្រទេស​ជិត​ខាង​របស់ខ្លួន ជា​ពិសេស​ប្រទេស​អាស៊ាន ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ដែល​រាប់​បញ្ចូល​ទាំង​ការ​គិត​គូ​និង​ការ​ធ្វើ​ផែន​ការ​យុទ្ធ​សាស្ត្រកាន់តែ​ទូលំទូលាយ។​

បន្ទាប់​ពីការ​ឡើង​កាន់​តំណែង​ឡើង​វិញ​របស់​លោក Shinzo Abe នៅ​ក្នុង​ឆ្នាំ​ ២០១២ សំនួរ​ដែល​គេ​តែង​តែសួរ​នោះ​គឺជា​ចំណុច​ស្នូល​​ដល់​អ្នក​ធ្វើ​គោល​នយោ​បាយ​របស់​ជប៉ុន៖ តើ​​គេកំណត់​អត្ត​សញ្ញាណ​អំណាច​ពិត​ប្រាកដ​របស់​ជប៉ុន​នៅ​ក្នុង​ពិភពលោកដោយរបៀប​ណា? តើ​ជប៉ុន​គឺជា​មហា​អំណាច​ ឬ​ជាប្រទេស​មាន​អំណាច​មធ្យម? ទោះបីជា​ការ​យល់​ឃើញ​មាន​របៀបណា​ក៏​ដោយ ក៏​វា​នឹង​ប៉ះពាល់​ដល់​​ដែន​ដី​នៃ​ជំហរ​ និង​មុខ​មាត់​រយៈ​ពេល​យូរ​របស់​ជប៉ុន។​

ដោយនិយាយ​លម្អិត​នោះ រដ្ឋាភិបាល​ជប៉ុន​បាន​មើល​ឃើញ​ខ្លួន​ឯង​ថា ជា​មហាអំណាច​ដែល​មាន​អំណាច​សេដ្ឋកិច្ច​ ព្រមទាំង​ជា​អ្នក​អនុវត្ត​​ច្បាប់​ និង​បញ្ញត្តិ​​អន្តរជាតិ។​

បន្ទាប់ពី​ជប៉ុន​​បាន​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទីពីរ​របស់​ពិភព​លោក​ក្នុង​ឆ្នាំ ១៩៦៨ នោះ ជប៉ុន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​មាន​អំណាច​សេដ្ឋកិច្ច​​អាស៊ីតែ​មួយ​គត់។ ទើប​តែ​ពេល​ថ្មី​ៗ​នេះទេ​ដែល​ ចិន​បាន​វ៉ាដាច់​ជប៉ុន។ ប៉ុន្តែ ដោយ​សារតែ​ការ​រឹតត្បិត​​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​បង្កើត​ឡើង​ដោយ​អាមេរិកនោះ ជប៉ុន​មិន​មាន​​អំណាច​យោធា​ដូច​ដែល​មហាអំណាច​ផ្សេងៗ​ទៀត​មាន​នោះ​ទេ។

កន្លង​មក នោះ​បាន​ជួយ​ជប៉ុន​ទេ ដោយ​អនុញ្ញាត​ឲ្យ​ជប៉ុន​ផ្តោត​លើ​តែ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការ​ពង្រីក​ការ​វិនិយោគ និង​ការ​បង្កើត​កំណើន​ទាំង​នៅ​ក្នុង​តំបន់​និង​ហួសពី​នោះ។ ប៉ុន្តែ បណ្តា​ប្រទេស​លោក​ខាងលិច​ជា​រឿយៗ​បាន​មើល​ឃើញ​ជប៉ុន​ថា ជា​ប្រទេស​តូច​តាច​ខាង​នយោ​បាយ​។ ជប៉ុន​មិន​មែន​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះទេ។ ក្នុង​ផ្នែក​សន្តិសុខ​ ជប៉ុន​ពឹង​ទាំង​ស្រុង​លើ​ការការពារ​របស់​អាមេរិក។ បើ​គ្មាន​កងកម្លាំង​ការ​ពារ​ល្មម​នោះ តួនាទី​អន្តរជាតិ​របស់​ជប៉ុន​នៅតែ​ស្ថិត​នៅ​ក្នុង​ព្រំដែន​របស់ខ្លួន​ប៉ុណ្ណោះ ទោះបីជា​​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ដែល​អនុញ្ញាត​​ឲ្យ​កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន​អាច​​ការពារ​ខ្លួន​ឯង​និង​សម្ព័ន្ធ​មិត្ត​ ប្រសិន​បើ​ពួក​គេទទួល​រង​ការ​វាយ​ប្រហារ​ក៏​ដោយ។​

កាន់តែ​សំខាន់​បំផុត​នោះ ការ​យល់​ឃើញ​របស់​ប្រជាជន​សាមញ្ញរបស់​ជប៉ុន​មាន​ការ​លាយ​ឡំ​គ្នា​គួរ​សម។​

ជា​ទូទៅ​ ពួកគេ​គិតថា ជប៉ុន​គឺជា​មហាអំណាច ទោះបីជា​ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​របស់គេ​​បាន​ធា្លក់​ទៅ​លេខ​ ៣ ក៏​ដោយ។ ពួក​គេ​ក៏​បន្ស៊ាំទៅ​នឹង​សន្តិភាព​និយម​របស់​ជប៉ុន​ដែរ បន្ទាប់​ពីការ​មាន​បទ​ពិសោធន៍​ដ៏ជូចត់​ ការ​ឈឺចាប់​និង​មហន្តរាយ​ឥតឧបមា​​ដោយ​សារតែ​កងទ័ព​ចក្រ​ព័ទ្ធ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ​មក។ ក្នុង​ខណៈ​ដែល​ពួក​គេ​មិន​ចង់​ឃើញ​មាន​ការ​ងើប​ឡើង​វិញ​នូវ​យោធានិយម​នោះ ពួកគេ​ចង់​ឲ្យ​ជប៉ុន​ដើរ​តួនាទី​កាន់តែធំ​ក្នុង​ឆាកអន្តរជាតិ​ដើម្បីការ​ពារ​សណ្តាប់​ធ្នាប់​ពិភព​លោក​សេរី ដែល​បាន​ផ្តល់​ផល​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ជប៉ុន​និង​នាំ​ភាព​រុងរឿង​ដល់​តំបន់។​

ចម្លែក ក៏ប៉ុន្តែ ជាការពិត។ នៅក្នុងអាស៊ាន ជប៉ុនគឺជាមហាអំណាចដ៏ធំមួយ បើទោះបីជា  ជប៉ុនពុំមានអំណាចខាងយោធាក៏ដោយ។ វិបុលភាព និងគុណតម្លៃខ្ពស់នៃបច្ចេកវិទ្យា​របស់ជប៉ុន​លើ​គ្រប់វិស័យ គឺជាទ្រព្យសកម្មដ៏ធំបំផុតរបស់ជប៉ុន។

ជប៉ុន បានដើរតួនាទីជាអ្នករក្សាសន្តិភាពនៅកម្ពុជា និងនៅ Mindanao។ ទោះបីជាយ៉ាង​ណា​ក៏ដោយ នៅភូមា ជប៉ុនបានធ្វើដំណើរមួយជំហានបន្ថែមទៀត គឺជប៉ុនកំពុងជួយជ្រោម​ជ្រែងលើដំណើរ​ការផ្សះផ្សាថ្នាក់ជាតិរវាងក្រុមប្រដាប់អាវុធជន​ជាតិភាគ​តិច និងរដ្ឋាភិបាល។

បច្ចុប្បន្ន ជប៉ុន ចង់បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងបញ្ហាយុទ្ធសាស្រ្តជាមួយ​ប្រទេសក្នុងតំបន់ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែក​សន្តិសុខ​ដែនសមុទ្រ និងការផ្លាស់ប្តូរ​បច្ចេក​វិទ្យា។

វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី បានទទួលទូកល្បាតពីប្រទេសជប៉ុន។ នៅថ្ងៃ​អនាគត នឹងមានការផ្លាស់ប្តូរបន្ថែមទៀតពាក់ព័ន្ធនឹងសម្ភារៈការពារជាតិរវាងជប៉ុន និងសមាជិក​អាស៊ាន។ ប្រទេសថៃ និងហ្វីលីពីន នឹងក្លាយជាអ្នកទទួលផលប្រយោជន៍​ចម្បងនៃយុទ្ធសាស្រ្ត​ថ្មី​នេះ ដោយសារប្រព័ន្ធអាវុធដែលផលិតនៅអាមេរិករបស់ពួកគេ។

នឹងមានការធ្វើទស្សនៈកិច្ចកាន់តែញឹកញាប់បន្ថែមទៀតរវាងមន្រ្តីជាន់ខ្ពស់របស់ជប៉ុន និង​ប្រទេសអាស៊ាន ហើយ ក៏នឹងមានការផ្លាស់ប្តូរបច្ចេកវិទ្យាយោធាពីជប៉ុនមកកាន់​ប្រទេស​អាស៊ាន​​​​កាន់តែខ្លាំងបន្ថែមទៀត។

លោក Hosoya Yuichi សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Keio បាននិយាយថា ជប៉ុន​គឺជាប្រទេសដែលគាំទ្រដល់មជ្ឈភាពអាស៊ាន ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងមក។ គាត់​បានអះអាងជាថ្មីថា អាស៊ានគឺជាស្នូលនៃយុទ្ធសាស្រ្តរបស់ជប៉ុន​ឆ្ពោះទៅកាន់កិច្ច​សហប្រតិបត្តិការ​​តំបន់អាស៊ាន។

នៅក្នុងជំហរចុងក្រោយបំផុតក្នុងការជំរុញសមាហរណកម្មនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងដើម្បីជំរុញជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ​នឹង​ផ្តល់ជំនួយបច្ចេកទេសដល់សមាជិកអាស៊ាននៅឆ្នាំក្រោយលើវិស័យចំនួនបីគឺ សេដ្ឋកិច្ច ការ​អភិវឌ្ឍន៍ ការទប់ស្កាត់ជម្លោះ និងការតភ្ជាប់គម្លាតចំណូលនៃសមាជិកចាស់ និងសមាជិកថ្មី។

តាមរយៈដំណើរឆ្ពោះមកកាន់អាស៊ាន ជប៉ុនកំពុងមានក្តីសង្ឃឹមថា នឹងបង្កើតតុល្យភាព​ថ្មីមួយ​នៅខាងក្រៅទំនាក់ទំនងការពារជាតិ ជប៉ុន-អាមេរិក។ ជប៉ុនចាំបាច់ត្រូវពិគ្រោះយោបល់ឱ្យ​បាន​ញឹកញាប់ជាមួយប្រទេសអាស៊ានពាក់ព័ន្ធ ទៅនឹងការងើបឡើងនៃវិស័យកសិកម្មក្នុងតំបន់។ ដូច្នោះ ជប៉ុនអាចបង្កើតជម្រើសចម្រុះមួយនៃឆន្ទៈក្នុងចំណោមមហាអំណាចមធ្យម និង​អា​ស៊ា​ន​៕

ប្រភព៖ The Nation ចុះថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៧

No comments:

Post a Comment