Thursday, June 22, 2017

លោក Xi ពង្រឹងអំណាចបន្ថែមទៀតដោយជ្រើសរើសតំណែងលេខាធិការដ្ឋាននៅក្នុងគណៈកម្មាធិការថ្មី

ប្រធានាធិបតីចិនលោក Xi Jinping បានចាត់វិធានការមួយទៀត ដើម្បីពង្រឹងអំណាចតាមរយៈការតែងតាំងសមាជិកនៃគណបក្សនយោបាយជាន់ខ្ពស់មួយរូប ឱ្យកាន់តំណែងលេខា​​ធិការនៅក្នុងគណៈកម្មាធិការដែលបានបង្កើតថ្មី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhau បានឱ្យដឹងថា លោក Xi បានរៀបចំកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មការមជ្ឈិមសម្រាប់ការអភិវឌ្ឍយោធា និងស៊ីវិលរួមគ្នា Central Commission for Integrated Military and Civilian Development ដែលលោក Xi បានបង្កើតឡើងកាលពីខែមករា ដើម្បីជំរុញសមាហរណកម្មសមត្ថភាពយោធា និងស៊ីវិល។ លោក Xi គឺជាប្រធាន ហើយសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សជាន់ខ្ពស់ផ្សេងទៀតដូចជាលោក Li Keqiang លោក Liu Yunshan និងលោក Zhang Gaoli គឺជាអនុប្រធាន។

        ទោះបីជាយ៉ាងណាក៏ដោយ លោក Zhang ដែលជាឧបនាយករដ្ឋមន្ត្រីជាគណៈកម្មាធិការជាន់ខ្ពស់លេខរៀងទី ៧ ក៏ជាប្រធានការិយាល័យទទួលបន្ទុកកិច្ចការទូទៅសម្រាប់គណៈកម្មការនេះផងដែរ។ តួនាទីរបស់លោក Zhang បង្ហាញពីភាពខុសគ្នាពីការអនុវត្តកន្លងមកដោយសារតែតំណែងទាំងនេះត្រូវបានកាន់កាប់ដោយមន្រ្តីថ្នាក់ទាប ដែលជាធម្មតាជាក្រុមប្រឹក្សារដ្ឋ។

        វាមិនមែនជារឿងធម្មតានោះទេ ដែលសមាជិកមួយរូបនៃគណៈកម្មាធិការជាន់ខ្ពស់ធ្វើការសម្រេចចិត្តកាន់តំណែងលេខាធិការ។

ការផ្លាស់ប្តូរនេះក៏បង្ហាញពីការទម្លាក់ចំណាត់ថ្នាក់របស់លោក Zhang ពីព្រោះនៅក្នុងទ្រឹស្តី អគ្គលេខាធិការនៃគណបក្សមួយនេះគឺគ្រាន់តែជា «មនុស្សដែលមានឋានៈខ្ពស់បំផុត» នៅក្នុងគណៈកម្មាធិការមជ្ឈឹមបក្សជាន់ខ្ពស់ប៉ុណ្ណោះ។

យោងតាមរូបភាពនៃកិច្ចប្រជុំដែលបានផ្សាយដោយបណ្តាញទូរទស្សន៍រដ្ឋចិន CCTV សមាជិកនៃគណៈកម្មាធិការផ្សេងទៀត រួមមានសមាជិកការិយាល័យនយោបាយចំនួន ៦ រូបគឺលោកឧបនាយករដ្ឋមន្រ្តី Ma Kai ទីប្រឹក្សាជាន់ខ្ពស់របស់លោក Xi គឺលោក Wang Huning មន្រ្តីអនុវត្តច្បាប់ជាន់ខ្ពស់លោក Meng Jianzhu មនុស្សជំនិតរបស់លោក Xi គឺលោក Li Zhanshu និងអនុប្រធានទាំងពីរនៃគណៈកម្មការយោធាកណ្តាលលោក Xu Qiliang និងលោក Fan Changlong ។

គោលបំណងរបស់គណៈកម្មការគឺដើម្បីធានាថា តម្រូវការយោធារបស់ចិនត្រូវបានបំពេញដោយមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសនេះ។

លោក Xi បាននិយាយថា «ការអភិវឌ្ឍន៍ផ្នែកយោធា និងស៊ីវិលរួមគ្នា គឺជាសមិទ្ធផលដ៏ធំធេងមួយនៃការអភិវឌ្ឍន៍សមស្របក្នុងវិស័យការពារជាតិ និងសេដ្ឋកិច្ចដ៏យូរអង្វែងរបស់ប្រទេសចិន»។ វាក៏ជាការសម្រេចចិត្តសំខាន់មួយទាក់ទងនឹងការអភិវឌ្ឍន៍ជាតិ និងសន្តិសុខទាំងមូល និងជាវិធានការសំខាន់មួយដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដ៏ស្មុគស្មាញ និងទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រថ្នាក់ជាតិ។

គណៈកម្មការនេះគឺជាក្រុមចុងក្រោយដែលត្រូវបានបង្កើតឡើង ដោយលោក Xi ដើម្បីពង្រឹងការក្តាប់អំណាចរបស់គាត់។

ចាប់តាំងពីបានកាន់កាប់អំណាចបួនឆ្នាំកន្លះមក លោក Xi បានធ្វើឱ្យខ្លួនគាត់ក្លាយជាមេដឹកនាំចិនដែលមានអំណាចខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ តាមរយៈការគ្រប់គ្រងលើគណបក្ស រដ្ឋ យោធា និងសេដ្ឋកិច្ច។ កាលពីខែតុលា ឆ្នាំមុន គាត់ទទួលបានតំណែងជាមេដឹកនាំស្នូលរបស់បក្សកុម្មុយនិស្ត ដោយដាក់គាត់ក្នុងចំណោមបុរសខ្លាំងដូចជាMao Zedong និង Deng Xiaoping ដែរ។

កិច្ចប្រជុំផ្លាស់ប្តូរតំណែងដ៏សំខាន់មួយ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះនឹងសម្រេចលើភាពជាអ្នកដឹកនាំថ្មីរបស់ប្រទេសចិន។

លោក Xi បានបង្កើតឋានៈសម្រាប់ខ្លួនគាត់យ៉ាងតិច ១២ ដែលរួមមានតួនាទីជាប្រធានក្រុមដឹកនាំកណ្តាលសម្រាប់កំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ គណៈកម្មការសន្តិសុខជាតិកណ្តាល ប្រធានក្រុមដឹកនាំកណ្តាលទទួលបន្ទុកព័ត៌មាន និងសន្តិសុខអ៊ីនធឺណិត និងប្រធានក្រុមការងារកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច៕

​ប្រភព: South China Morning Post ចុះថ្ងៃទី២១ ខែមិថុនា​​ ឆ្នាំ២០១៧


No comments:

Post a Comment