Thursday, June 22, 2017

អាជ្ញាធរជាតិអប្សរា ៖ ទោះបីមានការអំពាវនាវចូលរួមថែរក្សាអភិរក្សមរតកដូនតា ក៏នៅតែមានក្រុមកាប់ទន្ទ្រានព្រៃធ្វើជាកម្មសិទ្ធិក្នុងតំបន់រមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមជនខិលខូចមួយចំនួនបានមកហ៊ុព័ទ្ធធ្វើរបង និងកាប់ទន្រ្ទានព្រៃយកដីធ្វើជាកម្មសិទ្ធិ នៅទីតាំងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលទីតាំងនេះស្ថិតនៅក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ។ ដោយប្រទះឃើញសកម្មភាពបែបនេះ ក្រុមការងារចម្រុះដែលមានភ្នាក់ងារព្រៃឈើ ក្រុមឧទ្យាននុរក្ស ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការដោយនគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានធ្វើការហាមឃាត់ និងរុះរើរបងនៅនឹងកន្លែង។

ក្នុងសកម្មភាពទប់ស្កាត់នេះ ក្រុមការងារបានជួបនឹងការរារាំងពីសំណាក់ជនបង្កចំនួន៤នាក់ ដែលបានអាងខ្សែខ្នង និងបញ្ជាមិនឲ្យក្រុមការងាររុះរើដើម្បីដាំកូនឈើនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានប្រើសម្តីមើលងាយលើក្រុមការងារ និងហៅអ្នកសារព័ត៌មានពីររូបមក ថតរូប និងសម្ភាសន៍ក្រុមការងារ ដោយចោទថាបានរំលោភបំពានដីរបស់ពួកគេហើយ ហើយគំរាមប្តឹងទៅតុលាការថែមទៀត។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយមានការជជែកគ្នាមួយសន្ទុះមក ក្រុមជនបង្កការរំខានទាំង៤នាក់ក៏បានគេចខ្លួនអស់ទៅ។ ក្រុមការងារចម្រុះបានបន្តការរុះរើរបង និងខ្ទមយាមដីចេញ ព្រមទាំងដាំកូនឈើឡើងវិញនៅទីនោះបានចំនួន៥០០ដើម។




No comments:

Post a Comment