Thursday, June 22, 2017

ជំនួបរវាង សាកលវិទ្យាធិការរបស់ប្រទេសកម្ពុជា និងចិន នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបំណងសំខាន់ចំនួន៤

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធី​ជំនួប​សាកលវិទ្យាធិការរបស់ប្រទេសកម្ពុជា និងចិន ដែលមានសាកលវិទ្យាល័យរបស់ខេត្តគួយចូវ ប្រទេសចិន សរុបចំនួន១៩ និងសាកលវិទ្យាល័យ របស់ប្រទេសកម្ពុជា សរុបចំនួន២៨បានចូលរួម​ក្នុងពិធីនេះ។

ដោយឡែកនៅក្នុងពិធីបិទជំនួបនេះ លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី៦ ដែលវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​នូវជំនួបដ៏មានសារៈសំខាន់នេះ ក្រោមកិច្ចគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា រាជបណ្ឌិត្យ​សភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការឧបត្ថម្ភ ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋ​​ប្រជាមានិតចិន តាមរយៈគណៈកម្មាធិការទំនាក់ទំនង​វិស័យអប់រំចិន-អាស៊ាន ក្នុងគោលបំណងចំនួន៤គឺ៖ ១-ពង្រីកការចែករំលែកបទពិសោធន៍ជោគជ័យ និងការគ្រប់គ្រង​ប្រកបដោយទំនួលខុសត្រូវ រវាងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ​របស់ប្រទេស​យើងទាំងពីរ។ ២-ផ្តើមឱ្យមានលំហដោយសមធម៌ នៃជំនួបរវាងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ។ ៣-ផ្តល់ឱកាសដោយ​ផ្ទាល់​និងកាន់តែទូលាយ ដល់ការទទួលស្គាល់​នូវប្រព័ន្ធក្រេឌីតទៅវិញទៅមក និង៤-បង្កើនបរិមាណអាហារូបករណ៍ជូនដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន​ដោយឈរ​លើគោល​ការណ៍ផ្តល់ផលប្រយោជន៍តាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។

លោកសាស្ត្រាចារ្យ វ៉ង ហ្វុងយ៉ូវ (Wang Fengyou) ប្រធានមន្ទីរអប់រំខេត្តគួយចូវ បានសន្យាថា​នឹងបន្តកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាល​ធនធាន​មនុស្សនៅកម្ពុជា ហើយលោកក៏បានបញ្ជាក់នូវជំហរសាជាថ្មី ពីការតភ្ជាប់ដួងចិត្តប្រជាជន​នៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនតាម បណ្តោយយុទ្ធសាស្រ្តខ្សែក្រវាត់១ ផ្លូវ១ ដោយបើកទូលាយនូវកិច្ច​សហប្រតិបត្តិការ ជាមិត្តភាពរវាងសាកលវិទ្យាល័យនានា​របស់កម្ពុជា​ និងសាកលវិទ្យាល័យ​នានា​នៅក្នុងខេត្តគួយចូវ។ ថ្លែងបិទពិធីជំនួបនេះ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ពីជំហគាំទ្រ​ដល់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំ​​​នូវជំនួបសាកលវិទ្យាធិការរបស់ប្រទេសកម្ពុជា និងប្រទេសចិន ហើយបានលើកទឹក​ចិត្តដល់សាកលវិទ្យាល័យនានារបស់ខេត្តគួយចូវឱ្យមកធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យនានារបស់ប្រទេសកម្ពុជា។ លោក ពិត ចំណាន បានលើកទឹកចិត្តដល់ការផ្លាស់ប្តូរ គ្នានូវប្រព័ន្ធសិក្សា​បែបក្រេឌីត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់និស្សិតនៃប្រទេសយើងទាំងពីរ។ លើសពីនេះ តាមរយៈ លោក ស៊ុន ជឺកាង (SUN ZHIGANG) លោក ពិត ចំណាន ក៏បានស្នើដល់ភាគីចិនជំរុញ​ដល់ការផ្តល់អាហារូបករណ៍កាន់តែច្រើន ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ទៅបន្តការសិក្សា​នៅប្រទេសចិន។

មុននឹងបិទបញ្ចប់ជំនួបនេះ លោក ពិត ចំណាន បានផ្តល់នូវអនុសាសន៍ចំនួន៤ ជូនដល់សាកល​វិទ្យាល័យ​នៃប្រទេសយើងទាំងពីរគឺ ១-ពិចារណាពីកិច្ចសហប្រតិបត្តិការ លើកម្មវិធីសិក្សាដើម្បី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ ២-បង្កើនការផ្តល់អាហារូបករណ៍ ដល់សិស្សដែលទៅបន្តការសិក្សា​នៅប្រទេសចិន ស្របតាមទីផ្សារការងារក្នុងប្រទេសកម្ពុជា ៣-ជំរុញទំនើបកម្មសម្ភារៈសិក្សា និងពិចារណាលើការសាងសង់មន្ទីរពិសោធន៍នានា និង៤-ពង្រឹងការធ្វើវិក្រឹត្យការលើការបង្រៀន និងកម្មវិធីសិក្សារវាងគ្រូឧទ្ទេស និងបទពិសោធន៍គ្រប់គ្រងរវាងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ​នៃប្រទេសយើងទាំងពីរ។ ដើម្បីទុកជាចំណងដៃនៅក្នុងពិធីបិទជំនួបនេះ លោក ពិត ចំណាន និងលោក ស៊ុន ជឺកាង បានសម្ពោធស្លាកជាផ្លូវការនូវថ្នាក់រៀនភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំនៅសាកលវិទ្យាល័យអន្តរជាតិ (IU)។

គួរបញ្ជាក់ផងដែរថា កាលពីបិទជំនួបលើកទី៥ ក្នុងឆ្នាំ២០១៦ លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោក ឈិន មានអឺ (CHEN MIN ER) លេខាបក្សខេត្តគួយចូវ បានសម្ពោធស្លាកថ្នាក់រៀនភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំនៅសាកលវិទ្យាល័យអន្តរជាតិ សាខាខេត្តបាត់ដំបង៕



 




No comments:

Post a Comment