Thursday, June 22, 2017

វិភាគនយោបាយ៖ ការដឹងខ្លួនហួសពេលអំពីកំហុសនយោបាយតាំងពីរាប់ទសវត្សរ៍!

ទីបំផុត មេដឹកនាំបក្សប្រឆាំងបានធ្លោយមាត់និយាយសារភាពចេញពីមាត់របស់ខ្លួនថា ខ្លួនពិតជាមានកំហុសនយោបាយរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ការទទួលស្គាល់កំហុសនេះបានធ្វើឡើងដោយផ្ទាល់ពីលោក កឹម សុខា តាមរយៈបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍កាលពីប៉ុន្មានថ្ងៃមុននេះ។

ជារួមកំហុសនយោបាយធំៗរបស់គណបក្សប្រឆាំងដែលគេមើលឃើញមានដូចជា៖

ទី១៖ ការធ្វើនយោបាយដោយប្រើការវាយប្រហារបុគ្គល៖ ចាប់តាំងពីចេះធ្វើបក្សប្រឆាំងពេលណាមក លោក សម រង្ស៊ី តែងប្រើប្រាស់នយោបាយវាយប្រហារបុគ្គលជាកត្តាចម្បងដើម្បីទាក់ទាញប្រជាប្រិយភាព ជាពិសេសគឺការវាយប្រហារទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាគូប្រជែងដ៏មានសកត្តានុពល។ ទ្រឹស្តីរបស់លោក សម រង្ស៊ី និងសកម្មជនរបស់គាត់គឺ «បើចង់ល្បីក្នុងឆាកនយោបាយគឺទាល់តែហ៊ានវាយប្រហារបុរសខ្លាំង គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ ដោយឈរលើទ្រឹស្តីបែបនេះហើយទើបគណបក្សប្រឆាំង មិនដែលបានគិតពីគោលនយោបាយ ឬជួយកសាងសមិទ្ធផលអ្វីជូនប្រជាជន និងប្រទេសជាតិឡើយ។ មេដឹកនាំបក្សប្រឆាំងគិតតែពីដេករកនឹកពាក្យពេចន៍រិះគន់ វាយប្រហារ បង្ខូចបង្កាច់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីគឺជាការស្រេច។ ដោយសារតែទំនោរជ្រុលនិយមបែបនេះហើយបានជាលោក សម រង្ស៊ី ហ៊ានរហូតដល់ប្រើពាក្យ«បើមានសែន អត់ស៊ី បើមានស៊ីអត់សែន»។ ទ្រឹស្តីនេះបានរុញច្រានឲ្យលោក សម រង្ស៊ី មិនអាចរស់នៅក្នុងស្រុកខ្មែរបានរហូតសព្វថ្ងៃបើទោះជាចុងក្រោយនេះ គណបក្សសង្គ្រោះជាតិបានខិតខំកែមកនិយាយថា ខ្លួនមិនយកខ្មែរណាជាសត្រូវវិញក៏ដោយ។ ការកែពាក្យបែបនេះក៏បានបង្ហាញថា គណបក្សនេះទើបតែដឹងខ្លួនខុសតែជាការដឹងខ្លួនជ្រុសពេលទៅហើយ។

ទី២៖ បក្សប្រឆាំងប្រើនយោបាយបំផុសគំនិតញុះញង់ បំបែកបំបាក់ធ្វើឲ្យខ្មែរស្អប់ខ្ពើមគ្នា និងចងគំនុំជាមួយគ្នាកាន់តែខ្លាំងឡើងជាលំដាប់។ ជាក់ស្តែង សកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងគឺជាមនុស្សពូកែជាងគេខាងជេរប្រមាថមេដឹកនាំប្រទេស និងជេរប្រមាថ លាបពណ៌អ្នកណាដែលគាំទ្ររដ្ឋាភិបាល។ ពួកគេមិនបានយកខួរក្បាលគិតពីគោលនយោបាយ គិតពីការជជែកវែកញែកដោយប្រើគំនិតជាធំឡើយ តែខួរក្បាលរបស់ពួកគេនឹកឃើញតែពាក្យជេរប្រមាថ និងលាបពណ៌។ ពាក្យជេរប្រមាថរបស់ពួកគេទៀតសោតមានគ្រប់រសជាតិសូម្បីពាក្យដែលគេពិបាកនិយាយចេញ តែពួកប្រឆាំងអាចនិយាយចេញបានដោយងាយ។ អ្វីដែលកើតមានក្នុងបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្ននេះគឺជាសមិទ្ធផលធនធានមនុស្សបង្កើតឡើងដោយបក្សប្រឆាំង។ ទោះបីជាចុងក្រោយនេះ មេបក្សប្រឆាំងដឹងខ្លួនខុសហើយខំកែមកនិយាយថា ត្រូវប្រជែងគ្នាលើគោលនយោបាយវិញក៏ដោយ ក៏នេះគ្រាន់តែពាក្យដោះសារ គ្មានខ្លឹមសារអ្វីឡើយ។ តាមពិត សារជាតិពិតរបស់ពួកប្រឆាំងគឺនៅតែជាការជេរប្រមាថ មួលបង្កាច់ បង្ខូចមេដឹកនាំប្រទេសដដែល។ អ្វីដែលលោក សម រង្ស៊ី បន្តធ្វើរយៈពេលចុងក្រោយនេះជាឧទាហរណ៍ជាក់ស្តែង។

ទី៣៖ ការធ្វើនយោបាយដោយយកការបំផុសគំនិតស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ទៅលើជនជាតិវៀតណាម៖  តាំងពីដើមរៀងមក គណបក្សប្រឆាំងតែងតែយកការឃោសនាស្អប់ខ្ពើមជនជាតិវៀតណាមមកធ្វើជាគោលដើម្បីទាក់ទាញប្រជាប្រិយភាព។ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្រប់ពាក្យសម្តីនិយាយចេញមកគឺ មេបក្សប្រឆាំងក៏ដូចជាសកម្មជនរបស់ខ្លួន មិនដែលភ្លេចពាក្យថា «យួន» ឬ«អាយ៉ងយួន» ម្តងណាឡើយ។ ទើបតែចុងក្រោយនេះ លោក កឹម សុខា សារភាពថា នេះជានយោបាយខុសឆ្គងដែលបក្សប្រឆាំងត្រូវបញ្ឈប់។ ប៉ុន្តែ នេះក៏ជាការដឹងខ្លួនជ្រុលពេលដែរ ហើយដឹងខ្លួនតែមេបក្ស ចំណែកកូនចៅវិញនៅជេរយួនពេញពេញមាត់ដដែល។

កំហុសទាំងបីយ៉ាងដូចបានលើកឡើងខាងលើគ្រាន់តែជាចំណុចធំៗដែលយើងគួររម្លេចតែប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀតដែលបញ្ជាក់ពីកំហុសនយោបាយរបស់បក្សប្រឆាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ដោយសារតែជាប់រវល់វក់វីនឹងគំនិតជ្រុលនិយមទាំងនេះ បានជាទីបំផុត គណបក្សប្រឆាំងគ្មានគោលនយោបាយជាក់លាក់ គ្មានធនធានមនុស្សល្អៗសម្រាប់ដឹកនាំ គ្មានទស្សនៈវិស័យអ្វីទាំងអស់ ពោលគឺប្រៀបបានទៅនឹងស្គរដែលលឺសូរតែសំឡេង តែខាងក្នុងប្រហោងធ្លុង។

ផ្ទុយពីគណបក្សប្រជាជនកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់ភាពជាអ្នកដឹកនាំប្រទេសទោះជាក្នុងកាលៈទេសៈដ៏លំបាក និងតានតឹង ក៏គណបក្សកាន់អំណាចដ៏យូរមួយនេះនៅតែប្រកាសថា ខ្លួនជាគណបក្សដែលគ្រប់គ្នាអាចរស់នៅជាមួយគ្នាបាន។ គណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំ តែងតែទទូចឲ្យបក្សនយោបាយយកតម្រាប់តាមការផ្សាយពាណិជ្ជកម្មក្នុងមុខជំនួញដោយផ្សាយតែចំណុចល្អៗរបស់ខ្លួន តែហាមមិនឲ្យវាយប្រហារដល់ទំនិញអ្នកដទៃ។ គណបក្សាកាន់អំណាចតែងតែប្រកាន់ជំហរចាត់ទុកប្រទេសជិតខាងជាមិត្តនិងជាកត្តាកំណត់នៃសុខសន្តិភាពរបស់កម្ពុជា។ គោលនយោបាយរបស់បក្សប្រជាជនទាំងបីចំណុចដែលខុសស្រឡះពីគណបក្សប្រឆាំង គឺជាប្រៀបខ្លាំងដែលធ្វើឲ្យគណបក្សនេះឈ្នះឆ្នោតជារៀងរហូតមក។

បច្ចុប្បន្ន គណបក្សប្រឆាំងបានដឹងខ្លួនខុស ហើយក៏ខំកែដោយបែរមកធ្វើដូចគណបក្សកាន់អំណាចដែរ។ ចំណុចដែលដូចនោះគឺ៖ បក្សប្រឆាំងឥឡូវខំកែមកនិយាយថា មិនយកខ្មែរណាជាសត្រូវ បែរមកនិយាយពីការប្រកួតគ្នាដោយប្រើគោលនយោបាយ និងបញ្ឈប់ការបង្កាត់ភ្លើងកំហឹងស្អប់ជាតិសាសន៍យួន។ ប៉ុន្តែនេះជាការកែប្រែតែសំបកក្រៅ និងជាការខំកែប្រែក្នុងស្ថានភាពហួសពេល និងគ្មានអ្វីថ្មីក្រៅពីយកតាមគណបក្សប្រជាជន ដែលធ្វើជាយូរមកហើយនោះឡើយ។ ម្យ៉ាងទៀត ទម្រាំដឹងខ្លួន គឺដល់ពេលដែលគណបក្សប្រជាជនកម្ពុជាមានសន្ទុះខ្លាំងឡើងវិញទៅហើយ។ ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់ចុងក្រោយនេះបញ្ជាក់ច្បាស់ណាស់ថា បក្សប្រជាជនបានស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ពោលគឺគណបក្សកាន់អំណាចប្រមូល បានអ្នកគាំទ្រថ្មី ៣ សែននាក់ធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។ ចំណែកប្រឆាំងវិញខកបំណងយ៉ាងខ្លាំងបំផុតពីព្រោះ លទ្ធផលមិនបានដូចការរំពឹងទុកថាខ្លួន នឹងដណ្តើមយកតំណែងមេឃុំ ចៅសង្កាត់ចំនួន ៦០% នោះឡើយ។

រយៈពេល៤ឆ្នាំក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សកាន់អំណាចអាចស្តារប្រជាប្រិយភាពវិញបាន។ ពីនេះដល់ការបោះឆ្នោតឆ្នាំ ២០១៨ គណបក្សកាន់អំណាចដែលកំពុងខិតខំធ្វើកំណែទម្រង់យ៉ាងសកម្មនោះត្រូវគេរំពឹងថា អាចដណ្តើមប្រជាប្រិយភាពបានកាន់តែខ្លាំងថែមទៀត។ ដូច្នេះ គេអាចវាយតម្លៃបានថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះឆ្នោតដឹកនាំប្រទេសជាបន្តក្នុងឆ្នាំ ២០១៨ ខាងមុខពីព្រោះគណបក្សនេះនៅតែជាជម្រើសមិនអាចខ្វះបានក្នុងការថែរក្សា សុខសន្តិភាព ការអភិវឌ្ឍន៍ និងជាពិសេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ អាចអនុញ្ញាតឲ្យខ្មែរគ្រប់និន្នាការរស់នៅជាមួយគ្នាបានដោយសុខដុមរមនា ។ ចំណែកបក្សប្រឆាំងវិញ ការចាញ់ឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះគឺជាទឹកចុងក្រោយបង្អស់ហើយពីព្រោះទាំងអ្នកគាំទ្រក្នុងប្រទេស និងក្រៅប្រទេសនឹងអស់ជំនឿលើការសន្យា ហើយនឿយណាយក្នុងការគាំទ្រគណបក្សដែលចាញ់រហូតបែបនេះ។ ចំណែកមេដឹកនាំបក្សខ្លួនឯង ក៏ប្រាកណាស់ថា នឹងសោះខ្យល់តែត្រឹមនេះហើយ៕

ដោយ៖ សូរ គងជ័យ


No comments:

Post a Comment