Thursday, June 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសហការី៤រូបចាប់ផ្តើមចលនាតស៊ូសង្រ្គោះជាតិ ចេញពីការកាប់សម្លាប់របស់ប៉ុល ពត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោក និងសហការី៤រូបចាប់ផ្តើមចលនាតស៊ូសង្រ្គោះជាតិចេញពីការកាប់សម្លាប់របស់ប៉ុល ពត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៧ ) នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះបានធ្វើឡើង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាកោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទីតាំងនេះ ជាកន្លែងដំបូងបំផុតរបស់លោក ដែលបានដឹកនាំសហការីចំនួន០៤រូប រួមមាន នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ គាំទ្រក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ លោក ក៏បានរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ នាគ្រានោះប្រាប់ដល់មហាជនក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់នាពេលនោះគឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសបានរងចាំនូវចលនាដឹកនាំខ្លាំងក្លា មួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី៕





No comments:

Post a Comment